(ភ្នំពេញ)៖ ភាគីកម្ពុជា-ជប៉ុន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើគម្រោង២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ នៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជ សម្រាប់កម្មការិនីក្នុងវិស័យកាត់ដេរ។

ការប្ដេជ្ញាចិត្តនេះធ្វើឡើង ក្នុងកិច្ចពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នា ជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជា បានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា។

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត លើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារសិក្សាតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។

ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនទៀតមកកម្ពុជា៕