(ស្វាយរៀង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ជាមួយថ្នាំញៀនប្រភេទម្សៅកេតាមីន ចំនួន១៦ដុំ ដែលបម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកអន្ដរជាតិព្រៃវល្លិ៍ ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍។

ក្រោយចាប់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង ខាញ៉ អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ហើយត្រូវបានចៅក្រមស៉ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅពេលដែលរូបគេបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។ ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិច្រកទ្វាអន្តរជាតិព្រៃវរិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។

លោកបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបង្ក្រាបក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ធ្វើការពិនិត្យរួចបញ្ជូនសំណាកទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគបាលជាតិ ដើម្បីពិនិត្យកំណត់ទម្ងន់សំបកវិចខ្ចប់ និងថ្នាំញៀនជាក្រោយ។ ចំពោះជនសង្ស័យ លោកចៅក្រមបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារខេត្តស្វាយរៀងរួចហើយ៕