(ភ្នំពេញ)៖ លោក ញឹម ពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ គឹម សំភោគ អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់ចំនួន៦០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពាក់ព័ន្ធការដឹកជញ្ជូន រក្សារទុក និងជួញដូរគ្រឿងញៀនជិត២៤គីឡូក្រាម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១។
មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ការប្រកាសសាលក្រមនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមីនាម្សិលមិញ។
ជនត្រូវចោទឈ្មោះ គឹម សំភោគ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា៤០ និងមាត្រា២០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ឧក្រិដ្ឋជនរូបនេះដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ពេលនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមួយចំនួនមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤គីឡូក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម, រថយន្ត ៤គ្រឿង, ទូរស័ព្ទ ៦ គ្រឿង, អាវុធខ្លីម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់បាញ់ ៣គ្រាប់៕