(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលខេត្តកំពង់ចាម ត្រូវខិតខំប្រឹងប្រែងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីបន្ដការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលផ្សេងៗ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។
សារក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ឯក លន់ សុផាត ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយលោក ខ្លួត ចិន្តា អភិបាលរងខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបំប៉នជំនាញដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញ ដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេសនាពេលនេះ គឺក្នុងគោលដៅដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសដែលប្រទេសជាតិ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ជាដើម។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ដលេីកឡេីងនូវការងារមួយចំនួន ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបាននាពេលថ្មីៗនេះ ដូចជា អំពីសភាពការណ៍សន្តិសុខ, ការងារប្រឆាំងបទល្មេីស, ការងារសណ្ដាប់ធ្នាប់សាធារណៈ, ការងារផ្ដល់សេវាសាធារណៈ, ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ការកសាងអង្គភាព និងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ដោយរយៈពេលកន្លងមកនេះ បានអនុវត្តការងារយ៉ាងសកម្មផុលផុសដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរដូចដែលបានគ្រោងទុក។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក្នុងនាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានខិតខំអនុវត្តភារកិច្ចសហការអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ ក្នុងឆ្នាំ២០២២កន្លងទៅ ជាពិសេសការប្រឡងប្រណាំង ភូមិ ឃុំមានសុវត្ថិភាពទូទាំងប្រទេស គឺក្នុងឃុំ សង្កាត់ទាំង១០៩ ក្នុងខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១។
លោកបានថ្លែងបន្តថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចខាងលើ សូមឲ្យកងកម្លាំងនគរបាលជាតិ ខិតខំបន្ថែមទៀតក្នុងការបង្កើនសមត្ថភាព បំប៉នជំនាញបន្ថែម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នូវព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេស ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម ឲ្យសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ទៀត។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថវិកាចំនួន៥លានរៀល សម្រាប់ជួយសម្រួលដល់ដំណេីរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកាដល់សិក្ខាកាមចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤មុឺនរៀល៕