(កំពង់ធំ)៖ លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារប្រឡាយមួយខ្សែនៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ុម គីមសាន មេឃុំពង្រ បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីការអភិវឌ្ឍន៍របស់ឃុំ ព្រមទាំងគម្រោងស្តារប្រឡាយស្រោចស្រព មួយខ្សែប្រវែង ៣,៦៧១ ម៉ែត្រ នៅភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានការឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំពង្រទាំងអស់ ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការ នៃស្តារព្រមទាំងបរិច្ចាគនូវដីស្រែបន្តិចបន្តួចក្នុងការចូលរួម។

លោកបានបញ្ជាក់ថា ប្រឡាយមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំហើយប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែអភិវឌ្ឍន៌ ទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទឡើយ។ ការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង្ស។ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍន៍។

លោកបន្តថា «សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសវិស័យកសិកម្ម ដែលបងប្អូនយើង៨០%ធ្វើស្រែ ដូចនេះហើយទើបរាជរដ្ឋាភិបាលសម្រេចផ្តល់ជូននូវការស្តារ ប្រឡាយស្រោចស្រពនេះ»

លោកបានផ្តាំផ្ញើឲ្យម្ចាស់ក្រុមហ៊ុនយកចិត្តទុកដាក់អនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភណភាព ព្រមទាំងគោរពឲ្យបាននូវពេលវេលាកំណត់ហើយអាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការ ជាមួយក្រុមហ៊ុន ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនូវទំហំ ប្រវែងដែលក្រុមហ៊ុនបានចុះកិច្ចសន្យា៕