(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងពីគុណូបក្ការ:ដ៏ធំធេងរបស់សន្តិភាព ដែលរកបានយ៉ាងលំបាកដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានញ៉ាំងឲ្យកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវប្បធម៌របស់ខ្មែរបានរីកសាយភាយកាន់តែខ្លាំង ពិសេសលើឆាកអន្តរជាតិកាន់តែល្បីរន្ទឺឡើងៗ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាយើង ខ្មែរយើងកាន់តែច្បាស់ឡើងៗ។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះនៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយមានវត្តមានចូលដោយមន្ត្រីពាក់ព័ន្ធ និងយុវជនយុវតីរាប់រយនាក់។

លោកអភិបាលខេត្ត បានអរគុណសន្តិភាព មានសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ហើយកត្តាសុខសន្តិភាពនេះហើយ ដែលជាកត្តាចាំបាច់ចម្បងបំផុតដែលរុញច្រានកម្ពុជាឲ្យរីកលូតលាស់ទៅមុខជាលំដាប់។ សម្ដេចតេជោ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់លាស់ឡើង តាមរយ:វប្បធម៌ដ៍ល្អផូរផង់របស់កម្ពុជានេះ។

លោកថា «ជាការពិតណាស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែគាំទ្រ លើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ដោយចាត់ទុកថា វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាល ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គមឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើងផងដែរ»

លោកអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលបានបង្កើតទិវាវប្បធម៌ជាតិ ៣ មីនានេះឡើងចំនួន ២៤លើករួចមកហើយ ហើយឆ្នាំនេះទៀតសោត គឺជាឆ្នាំលើកទី២៥ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ដើម្បីជំរុញលើកទឹកចិត្ត ដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប។

ជាមួយគ្នានេះ លោកស្រី មួង សារីន ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្ប:ខេត្ត បានថ្លែងថា ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ប្រារព្ធធ្វើឡើងក្នុងគោលបំណងជំរុញធ្វើឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែល ជាសសរស្ដម្ភរបស់ជាតិ និងជាអ្នកបន្តវេនបានចូលរួម ក្នុងបំណងដើម្បីបង្កើនការស្រឡាញ់ បំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងការទទួលយកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ៕