(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ។

ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ព្រះរាជដំណាក់នេះ ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាតិ របស់ព្រះបិតាជាតិ។

«បញ្ហាធំនៅពេលនេះ គឺការជួសជុលព្រះរាជដំណាក់ឡើងវិញ ដែលខ្ញុំក៏បានអនុញ្ញាតឱ្យធ្វើការជួលជុលឡើងវិញភ្លាមៗផងដែរ តាមរយៈសំណើររបស់សម្តេចចៅហ្វាវាំង គង់ សំអុល ។ ទោះបីជាមានការឆេះផ្នែកមួយ មិនមែនឆេះព្រះរាជដំណាក់ធំក៏ដោយ តែយើងមានការសោកស្តាយពីបញ្ហានេះ ក៏ប៉ុន្តែសុំកុំឱ្យទៅជ្រុលហួសពីអ្វីដែលបានកើតជាក់ស្តែង ដែលសម្តេចនៅតែបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម តាមកាច់កុំប្រណីជាមួយអ្នកដែលបំភ្លៃកាពិតឱ្យសោះ»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន ក៏ចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា ដុតព្រះរាជដំណាក់។ សម្តេចតេជោ បានបន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនដុតព្រះរាជដំណាក់។

ឭសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានទ្រង់ចេញព្រះរាជសារ ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលបានផ្ញើរសារ សម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាប កន្លងទៅនេះ។

ព្រះរាជសារចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលទៀតថា ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។

សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូល យ៉ាងដូច្នេះថា «ជូនចំពោះជនរួមជាតិជាទីស្នេហា! ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានផ្ញើរសារមកខ្ញុំផ្ទាល់ និង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ឋិវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាបនាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២៖០៥នាទី កន្លងទៅនេះ»

សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលបន្ថែមថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ឋនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួម ដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។

រវាងខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ សម្តេចព្រះមហាក្សត្រី មានបន្ទូលថា ទ្រង់មានមហាកិត្តិយសបានដង្ហែ ព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះ នៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះ បរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្ឋត់អគ្គីភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ។ តាមសេចក្ដីចូលស្នើសុំរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ»។ នេះបើតាមព្រះរាជសារ របស់សម្តេចព្រះមហាក្សត្រី៕