(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះករណីឆេះព្រះរាជដំណាក់នៅក្រុងសៀមរាប ព្រមទាំងបានជំរុញឱ្យក្រុមការងារជួសជុលឡើងវិញឱ្យបានត្រឹមត្រូវ។

សូមរំឭកថា នៅវេលាម៉ោង១០៖០៥នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប។ តែយ៉ាងណា កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានភាពបាន។

ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន​ សែន បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះករណីឆេះព្រះរាជដំណាក់កាលពីយប់ថ្ងៃទី១២នោះ ហើយខណៈនោះដែរ សម្ដេចតេជោក៏នៅបន្តតាមដានជាមួយអភិបាលខេត្តសៀមរាបតាមរយៈ Online។

ជុំវិញករណីនេះដែរ ស្រាប់តែមានក្រុមអគតិនៅក្រៅប្រទេសបានបកស្រាយបំភ្លៃបំផ្លើសជុំវិញករណីឆេះព្រះរាជដំណាក់នេះ។ ជាមួយគ្នានោះ សម្ដេតេជោបានស្នើឱ្យមានការបកស្រាយបំភ្លឺត្រឹមតែការឆេះព្រះរាជដំណាក់នោះបានហើយ កុំបកស្រាយទៅហួសដូចដែលពួកទមិឡឥតសាសនាបកស្រាយថា ការឆេះនេះគឺជាការរៀបចំរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានព្រមានថា ពួកអ្នកដែលនិយាយបំភ្លៃបែបនេះ ប្រសិនបើនៅក្នុងប្រទេសគឺនឹងត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការបំភ្លៃនេះជាការមូលបង្កាច់បង្ខូចទាំងស្រុង ទាំងគ្មានភស្ដុតាង និងបង្កើតការស្អប់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាមិនដែលមានគំនិតធ្វើយ៉ាងដូច្នោះទេ គឺមានតែព្រួយបារម្ភពីគ្រោះមហន្តរាយដែលកើតឡើងចំពោះប្រជាជន ដូចជាករណីកើតអគ្គិភ័យជាដើមនេះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «បើអ្នកណាបកស្រាយខុស សូមឱ្យបារមីព្រះអង្គចេកព្រះអង្គចមកុំត្រាប្រណីពួកដែលបកស្រាយបំភ្លៃទាំងនោះ»

ទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ពីកិច្ចការចាំបាច់ដែលត្រូវធ្វើ នោះគឺការសម្រុកជួសជុលឡើងវិញ ហើយសម្ដេចតេជោក៏បានបញ្ជាឱ្យអនុវត្តការជួសជុលនេះតាំងពីក្រោយថ្ងៃឆេះមួយថ្ងៃមកម្ល៉េះ តាមរយៈសំណើរបស់សម្ដេចចៅហ្វាវាំង គង់​ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ស្ថាប័ន អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមពន្លត់អគ្គិភ័យ ព្រមទាំងប្រជាពលរដ្ឋសូមឱ្យយកចិត្តទុកដាក់ចំពោះគ្រោះអគ្គិភ័យនេះគ្រប់ពេល ពិសេសចាប់ពីពេលនេះរហូតទៅដល់រដូវភ្លៀងធ្លាក់ ព្រោះបច្ចុប្បន្នមានករណីឆេះសឹងរាល់ថ្ងៃ គ្រាន់តែកន្លែងខុសៗគ្នាតែប៉ុណ្ណោះ៕