(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងថា លោកបានអញ្ជើញគ្រូបង្គោលដែលមានជំនាញច្បាស់លាស់ខាងព្រំដែន ដើម្បីមកបង្វឹកកងកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ សរុប១២០នាក់ ដើម្បីបង្កើនសមត្ថភាពពិសេសលើយុទ្ធវិធី បន្តក្លាយជានគរបាលដែលមានគុណភាពបម្រើជាតិ និងប្រជាជន។

លោកឧត្តមសរនីយ៍ទោស្នងការ បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកបានសួរសុខទុក្ខ និងសំណេះសំណាល កងកម្លាំងនៅឯវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង នារសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងប្រាប់ឲ្យកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ទទួលការហ្វឹកហ្វឺននាពេលខាងមុខដ៏ខ្លីនេះ ព្រោះនេះជាឱកាសដ៍ពិសេស មិនមែនចេះតែនរណា ក៏មានឱកាសនោះទេ ពោលគឺទាល់តែអ្នកមានឆន្ទៈពិត មានបេះដូងស្នេហាជាតិ មាតុភូមិពិតប្រាកដ ហើយពិសេសជាកងកម្លាំងខេត្តព្រៃវែងផ្ទាល់តែម្ដង។

ជាមួយគ្នានេះ កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ បានសំដែងការត្រេកអរចំពោះលោកស្នងការ ដែលបានយកចិត្តទុកមកដល់កូនចៅថ្នាក់ក្រោម គិតគូរដល់សុខទុក្ខរបស់ពួកគាត់ ហើយថែមទាំងគ្រោង នឹងបន្ថែមចំណេះជំនាញដល់ពួកគាត់ថែមទៀត ដែលនេះជាកាយវិការដ៍ពិសេសរបស់មេដឹកនាំមានទសពិតរាជធម៍យ៉ាងពិតប្រាកដ ហើយប្ដេជ្ញាថា នឹងប្រើអស់ពីកម្លាំងកាយពល ចំណេះជំនាញយកមកបំរើជាតិ មាតុភូមិ ការពារព្រំដែនឲ្យបានល្អបំផុត ពិសេសបំរើដល់សេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលចាំបាច់ជាដើម៕