(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសថា សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិ លោក កឹម សុខា គឺជាការលើកឡើងដោយប្រាសចាកពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជន។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារសិទ្ធិឱ្យពិរុទ្ធជន កឹម សុខា បានធ្វើសេចក្តីថ្លែងការណ៍ស្តីពី «ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់ លោក កឹម សុខា» ដោយបានលើកឡើងថា មានការរារាំង និងមិនអនុញ្ញាតឱ្យសហមេធាវីចូលជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្តី ដែលនាំឱ្យសហមេធាវី មិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះកូនក្តីបាន ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ តំណាងអយ្យការមិនទាន់បានទទួលសំណើណាមួយ របស់សហមេធាវីការពារសិទ្ធិដើម្បីសុំជួបពិរុទ្ធជន កឹម សុខា ទេ។ ម្យ៉ាងទៀត សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិឱ្យពិរុទ្ធជនខាងលើ ជាការលើកឡើងប្រាសចាក ពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជនដោយហេតុថា៖

នៅក្នុងផ្នែកនៃសេចក្តីសម្រេចនៃសាលក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចទី៣ បានសម្រេច ៖ ដាក់ជនជាប់ ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យគោរពកាតព្វកិច្ចមួយចំនួនដូចខាងក្រោម ៖

១៖ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ។

២៖ មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬប្រយោល តាមប្រព័ន្ធបច្ចេក វិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។

អ្នកនាំពាក្យតំណាងឲ្យចំការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា យោងតាមសេចក្តីសម្រេចនៃសាលក្រមខាងលើ សូមសហមេធាវី ពិនិត្យមើលក្នុងសាលក្រមឱ្យបានច្បាស់ និងអនុវត្តឱ្យបានត្រឹមត្រូវ។ ក្នុងករណីដែលសហមេធាវីការពារសិទ្ធិមានបំណងចង់ជួបពិរុទ្ធជន កឹម សុខា សូមរៀបចំការស្នើសុំរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ហើយប្រសិនបើក្នុងករណីបន្ទាន់សហមេធាវីអាចធ្វើការស្នើសុំ ដោយផ្ទាល់មាត់ មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច៕