(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញឱ្យអ្នកផ្គត់ផ្គង់សេវាអគ្គិសនីទាំងអស់នៅកម្ពុជា ត្រូវពង្រឹងគុណភាព ការផ្តល់សេវារបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន តាមរយៈការសម្អាតបណ្តាញ ជួសជុសបណ្តាញ និងថែទាំងបណ្តាញជាប់ជាប្រចាំ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់។
បណ្ឌិត តេង សុខុមាល នាយកប្រតិបត្តិនៃអាជ្ញាធរអគ្គិសនីកម្ពុជា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងវិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២របស់សមាគមអគ្គិសនីជនបទ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។
លោកបញ្ជាក់ថា «បញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ រឿងនេះ គឺជារឿងកើតមកយូរហើយ មិនមែនទើបតែកើតឡើងទេ ហើយវាមិនទាន់បានល្អរលូនដែរ អីចឹងមានតែត្រូវការ ការចូលរួមពីបងប្អូនបន្តទៀត ក្នុងការធ្វើយ៉ាងណាឱ្យការផ្តល់សេវា កាន់តែមានគុណភាព តាមរយៈការសម្អាតបណ្តាញ ដូចជាការកាប់មែកឈើ កាប់អីជាដើម ជួសជុសបណ្តាញ និង ថែទាំងបណ្តាញ។ល។»
ទន្ទឹមគ្នានេះដែរ បណ្ឌិត តេង សុខុមាល បានណែនាំដល់អ្នកកាន់កាប់អាជ្ញាប័ណ្ណផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវជៀសវាងការយកថ្លៃភា្ជប់បណ្តាញលើសការកំណត់, កំណត់តម្លៃឱ្យច្បាស់លាស់ រវាងការតភ្ជាប់បណ្តាញជាលក្ខណៈលំនៅដ្ឋាន អាជីវកម្ម និងប្រើប្រាស់សម្រាប់រដ្ឋបាលសាធារណៈ និងជៀសវាកុំឱ្យកើតបញ្ហានាឡិកាស្ទង់ ដែលដើរលើសគីឡូ ដែលនាំឱ្យមានការតវ៉ាពីអ្នកប្រើប្រាស់បន្តទៀត ព្រមទាំងកុំបន្ទុចបង្អាក់ដល់អ្នកភ្ជាប់បណ្តាញអគ្គិសនី លក្ខណៈធុនមធ្យម និងធុនធំ ដែលគេជួលអ្នកសាងសង់ មកដំឡើងត្រង់ស្វូរដោយខ្លួនឯង។ ប្រសិនបើអាជ្ញាធរ ពិនិត្យឃើញបញ្ហាបែបនេះ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកផ្គត់ផ្គង់សេវាអគ្គិសនីទាំងនោះ។
ជាមួយគ្នានេះ លោកបានរំលឹកដល់អ្នកកាន់អាជ្ញាប័ណ្ណអគ្គិសនីទាំងអស់ គោរពនូវលក្ខខណ្ឌទាំង ១៤ ដើម្បីធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងកុំផ្គត់ផ្គង់រំលោភដែនសេវា ដែលកំណត់ក្នុងអាជ្ញាបណ្ណដែលផ្តល់ដោយអគ្គិសនីកម្ពុជា ព្រោះកន្លងឃើញមានអ្នកកាន់អាជ្ញាប័ណ្ណមួយចំនួន បានផ្គត់ផ្គង់អគ្គិសនីរំលោភចូលតំបន់ ដែលកាន់កាប់ដោយអ្នកផ្សេង ដែលនាំឱ្យមានបញ្ហា។
លោកបន្ថែមថា «ខ្ញុំសូមកោតសរសើរ ដល់បងប្អូនអ្នកផ្តល់សេវាអគ្គិសនី ដែលបានចូលរួមខិតខំអភិវឌ្ឍន៍វិស័យអគ្គិសនីបានល្អ លើសផែនការដែលរាជរដ្ឋាភិបាលបានកំណត់ ដូចជាការពង្រីកបណ្តាញចែកចាយ ទៅភូមិដែលអត់អគ្គិសនី និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន តាមគោលការណ៍បទបញ្ញត្តិ សេចក្តីសម្រេចចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា បានល្អប្រសើរ ទន្ទឹមនឹងនោះក៏មានអ្នកផ្តល់សេវាកម្មអគ្គិសនីមួយចំនួនតូច មិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួន បានល្អប្រសើរនៅឡើយ»។
លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទបានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ សេវាករអគ្គិសនីដែលកំពុងដំណើរការ អាជីវកម្មចំនួន ៤២៧អាជ្ញាប័ណ្ណ ទូទាំង២៥ខេត្ត ក្រុង ក្នុងនោះមានសមាជិកសកម្មចំនួន ១២៣ អាជ្ញាប័ណ្ណ។
លោកបន្តថា សេវាករអគ្គិសនី បានខិតខំទាំងកម្លាំងចិត្ត និងថវិកា ដើម្បីពង្រីកបណ្តាញចែកចាយ ក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ និងចូលរួមអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ឱ្យបានគ្រប់គ្រាន់។
បើតាមនាយកប្រតិបត្តិនៃអាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមដើមឆ្នាំ២០២៣នេះ នៅទូទាំង២៥រាជធានីខេត្ត មានអនុស្ថាននីយ៍ចំនួន៦៣, ព្រំដែនអាជ្ញាប័ណ្ណ ដែលអគ្គិសនីកម្ពុជា បានផ្តល់ឱ្យអ្នកកាន់អាជ្ញាប័ណ្ណ និងតំបន់អគ្គិសនីកម្ពុជា មានរហូតដល់ជាង៩៩% ត្រូវជា ១៤១៥១ភូមិ ក្នុងនោះមាន ១៣៩២៣ភូមិ ស្មើ៩៨.២៧% មានអគ្គសនីប្រើប្រាស់ និងនៅសល់២៤០ភូមិ ស្មើនឹង១.៧៣ មិនទាន់មានអគ្គិសនីប្រើប្រាស់៕