(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ជាច្រើនរូបទៀត។

លោក មាស សុភា បានថ្លែងថា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសយើងបានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិក៏ដូចជាបញ្ហាប្រឈមនានា មកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុដែលបង្កឱ្យមានគ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិយើង ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន៥.២%ក្នុងឆ្នាំ២០២២ ហើយរំពឹងថានឹងមានកំណើនក្នុងរង្វង់ប្រមាណ៥.៦%ក្ន្ងឆ្នាំ២០២៣នេះ។

នៅក្នុងពិធីបិទសន្និបាតនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានណែនាំដោយដាក់ចេញទិសដៅចំនួន៨ចំណុច ដល់រដ្ឋបាលខេត្តព្រះវិហារ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ត្រូវខិតខំរួមគ្នាសម្រេចឱ្យបានក្នុងឆ្នាំ២០២៣រួមមាន៖

*ទី១៖ ការពង្រឹងសន្តិសុខ ស្ថេរភាពនយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវខិតខំរួមគ្នាថែរក្សាការពារសន្តិសុខ ស្ថិរភាពនយោបាយ បង្កើនការថែរក្សាពង្រឹង សន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវបទល្មើសគ្រប់ប្រភេទ ស្រាវជ្រាវករណីលាងសម្អាតប្រាក់ ត្រូវពង្រឹងការងារនគរបាលនិងសហគមន៍ សំដៅជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បន្តខិតខំពង្រឹងកម្លាំងប្រជាការពារឱ្យមានចំនួនសមស្របតាមភូមិសាស្ត្រ បង្រ្កាបការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់។

*ទី២៖ អំពីការបោះឆ្នោតជាតិលើកទី៧ ដោយអាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវខិតខំរួមសហការគ្នាអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ជានិតិវិធីនៃការបោះឆ្នោត និងសហការឱ្យបានជិតស្និទជាមួយអាជ្ញាធរ រៀបចំការបោះឆ្នោត ដើម្បីលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឱ្យការបោះឆ្នោតជាតិ លើកទី៧នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យិត្តិធម៍។

*ទី៣៖ អំពីកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តនូវកម្មវិធីសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០) ដែលផ្តោតសំខាន់លើការបែងចែកសិទ្ធអំណាច តួនាទី។គោលបំណងនៃកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ គឺជាដំណើរការនៃការផ្ទេមុខងារ និងធនធាន(មនុស្សនិងហិរញ្ញវត្ថុ)ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំដើម្បីអនុវត្ត សំដៅពង្រឹងរដ្ឋបាលខេត្តឱ្យក្លាយទៅជាស្ថាប័នប្រកបដោយសក្តានុពលក្នុងការផ្តល់សេវាសាធារណៈ យកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្ត្រីបង្គោលសំខាន់ៗនៅថ្នាក់មូលដ្ឋាន។

*ទី៤៖ ការអភិវិឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយខេត្តព្រះវិហារជាខេត្តដែលមានសក្តានុពលសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍ ហេតុនេះរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសផ្តល់ការអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលផ្តល់សិទ្ធអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធសម្រេចអនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគ ដែលមានទំហំទឹកប្រាក់មិនលើសពី៥លានដុល្លា។

*ទី៥៖ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ដោយអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ត្រូវពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការថែរក្សាបង្គោលព្រំដែន ត្រូវចាតិវិធានការទប់ស្កាត់ប្រជាពលរដ្ឋ កុំឱ្យជួលដីនៅតាមព្រំដែនទៅឱ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង។

*ទី៦៖ ការគ្រប់គ្រងធនធានធម្មជាតិ ដោយត្រូវទប់ស្កាត់ការកាប់ទន្ទ្រានយកដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនិងគម្របព្រៃឈើ ត្រូវយកចិត្តទុកដាក់ខិតខំផ្សព្វផ្សាយអប់រំ និងណែនាំដល់ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តព្រះវិហារ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមសហការក្នុងការការពារ បរិស្ថាន ព្រៃឈើនិងធនធានធម្មជាតិរបស់ប្រទេសយើងឱ្យបានស្ថិតស្ថេរគង់វង្ស។

*ទី៧៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយណែនាំដល់រដ្ឋបាលខេត្តដោយយកចិត្តទុកដាក់ពង្រឹងសមត្ថកិច្ច និងគុណភាពដល់យន្តការច្រកចេញ ចូល តែមួយ ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្តពីប្រជាពលរដ្ឋ។ដឹកនាំសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់ មកឱ្យអង្គភាពច្រកចេញចូលតែមួយ យកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទាតវ៉ានានារបស់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៍វិជ្ជាជីវៈខ្ពស់។

*ទី៨៖ ពង្រឹងរបៀបរបបការងារ ដោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តព្រះវិហារ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អក្នុងនោះ ប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ រដ្ឋបាលខេត្តព្រះវិហារត្រូវបង្កើនការពង្រឹង និងការគ្រប់គ្រងវត្តមានក្នុងការបំពេញការងាររបស់មន្ត្រីរាជការ បុគ្គលិក និងត្រូវពង្រឹងការងារតែងតាំង ការដំឡើងថ្នាក់ ឋានន្តរសិក្ក័ ស្របតាមច្បាប់ គោលការណ៍ណែនាំ បែបបទ និងនិតិវិធីដែលបានកំណត់៕