(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានប្រគល់ប័ណ្ណសរសើរជូនលោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម តំណាងឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានរំឭកឡើងវិញអំពីប្រជាជនដែល ធ្វើការងារនៅតាមវាលស្រែទំនប់ និងប្រឡាយ គ្មានពេលសម្រាកនៅក្នុងរបប ខ្មែរក្រហម ដែលបណ្តាលឲ្យប្រជាជនបាក់កម្លាំង ដែលទាំងនេះយើងត្រូវ ចងចាំ។

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម គឺជាសាខាមួយក្នុងចំណោមសាខាទាំង៥របស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន ១) មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ២) មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ៣) មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ៤) មជ្ឈមណ្ឌលឯកសារ កោះថ្ម និង ៥) មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ជាពិសេសអ្នកដែលរស់នៅក្នុងខេត្តកំពង់ចាម។ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមមានគោលបំណងផ្តល់នូវប្រភពធនធានសម្បូរបែបទាក់ទងប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីលើកកម្ពស់ការយល់ដឹង និងចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងចំណោមប្រជាជនដែលរស់នៅក្នុងខេត្តកំពង់ចាម។ បណ្ណសារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រួមមាន ឯកសារចម្លើយសារភាព សក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្សែភាពយន្ត និងរូបថត។

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់ខ្លួននៅតាមមូលដ្ឋានក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយស្តីអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ចាប់តាំងពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មជ្ឈមណ្ឌលនេះបានបើកទទួលសាធារណជន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គណៈប្រតិភូ គ្រូបង្រៀន សិស្សានុសិស្ស និង យុវជន រាប់ពាន់នាក់ ដែលមកទស្សនកិច្ច និងសិក្សាស្រាវជ្រាវ៕