(កំពត)៖ អគ្គលេខារងនៃសហព័ន្ធ សហជីពពលកម្មកម្ពុជាម្នាក់ ត្រូវបានកម្លាំងនគរបាលឈុតខ្មៅខេត្ត សហការជាមួយនគរបាលស្រុកបន្ទាយមាស ធ្វើការឃាត់ខ្លួន នៅម៉ោង២៖៣០នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ចំណុចក្នុងហាងអាហារដ្ឋានភារិនទូកមាស ស្ថិតក្នុងភូមិទូកមាសខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។

មន្ត្រីនគរបាលស្រុកបន្ទាយមាស បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ យន់ សំបូរ ភេទប្រុស ជាអគ្គលេខារង សហព័ន្ធសហជីពពលកម្មកម្ពុជា ដែលមានអាស័យដ្ឋាន នៅរាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធ រួមនឹងសមាជិកក្នុងសហព័ន្ធ សហជីពពលកម្មកម្ពុជា មួយចំនួនទៀត ធ្វើសកម្មភាព ចុះញុះញង់ឲ្យកម្មកររាប់រយនាក់ នៅរោងចក្រកាត់ដេរ CAMBO TDG ក្នុងស្រុកកំពង់ត្រាច ផ្ទុះកូដកម្មជាប់ៗគ្នាជាង១សប្តាហ៍កន្លងមកនេះ ដោយរកដំណោះស្រាយមិនទាន់ចេញ បានសម្រេចទាំងស្រុងនៅឡើយ រវាងក្រុមកម្មករ និងថៅកែក្រុមហ៊ុន ទោះបីមានការចូលរួមដោះស្រាយ ពីសំណាក់ស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋក៏ដោយ។
 
កម្លាំងនគរបាល កំពុងតាមប្រមាញ់រកចាប់ខ្លួនមនុស្សពាក់ព័ន្ធ ២នាក់ផ្សេងទៀត នៅក្នុងសហជីពខាងលើនេះដែរ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕