(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំស្តីពីការបង្កើត និងកំណត់តួនាទី ភារកិច្ចរបស់គណៈកម្មការ និងក្រុមការងារត្រៀមរៀបចំសង្រ្កាន្តខេត្តប៉ៃលិន ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្ដនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងកិច្ចប្រជុំនេះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ ស.ស.យ.ក គឺជាសមាគមមួយ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។

លោកស្រីបន្ដថា នៅពេលដែលយើងដោះឯកសណ្ឋាន ស.ស.យ.ក. យើងមានតួនាទីខុសៗគ្នា តែពេលយើងពាក់ឯកសណ្ឋានមួយនេះ យើងគឺជា ស.ស.យ.ក. យើងមានចក្ខុវិស័យជារួម, ក្នុងបុព្វហេតុតែមួយ, ក្នុងគោលបំណងតែមួយ គឺការបំផុះចលនាយុវជនកម្ពុជាឲ្យកាន់តែផុលផុស តាមរយៈការអនុវត្តកិច្ចការងារដោយចងចាំជាក់ និងបន្តស្មារតី២ធ្នូ ទៅពេលអនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួនមករួមគ្នា ដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ និងមាតុភូមិ។

លោកស្រី បាន ស្រីមុំ គូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តនូវវិធានការទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ១៩ បានដោយជោគជ័យ ដែលធ្វើឲ្យស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ។ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាចនឹងមានប្រជាពលរដ្ឋ មកដើរលេងកម្សាន្តនៅខេត្តប៉ៃលិនច្រើន ប្រកបដោយបរិយាកាសសប្បារីករាយ ក្រោមម្លប់សន្តិភាព។

លោកស្រីបានណែនាំដល់សមាជិក-សមាជិកា ស.ស.យ.ក ខេត្ត ត្រូវចូលរួមសហជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ តាមតួរនាទីភារៈកិច្ចដែលខ្លួនទទួលខុសត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិននេះ ជាពិសេសត្រូវរួមគ្នា ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈឲ្យមានសោភ័ណ្ឌភាព។

សម្រាប់នៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ ត្រូវរៀបចំកន្លែង និងទីធ្លាឲ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដ។ ដោយឡែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ច ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អគ្រប់គោលដៅកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ។

សូមរំលឹកថា នាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដែលមានលោកស្រី បាន ស្រីមុំ ជាប្រធាន បានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការងារសង្គម និងការងារមនុស្សធម៌នានា រួមទាំងការចូលរួមរៀបចំនូវព្រឹត្តិការណ៍ធំៗ និងសង្ក្រាន្តឆ្នាំថ្មី៕