(ភ្នំពេញ)៖ ជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក William A Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ មិនបាននិយាយទៅដល់គម្រោងផ្តល់ជំនួយរបស់អាមេរិក មកកាន់កម្ពុជាសម្រាប់ឆ្នាំ២០១៧នោះឡើយ។
មានការបង្ហាញមតិមិនស្របគ្នាជាច្រើនទាំងខាងមន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីគណបក្សប្រឆាំងនៅកម្ពុជា ពាក់ព័ន្ធគម្រោងផ្តល់ជំនួយរបស់រដ្ឋាភិបាលអាមេរិក មកកាន់កម្ពុជាជាង ៧៧លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់គម្រោងអភិវឌ្ឍន៍នានាក្នុងឆ្នាំ២០១៧ ដែលបានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន ដូចជាការគោរពសិទ្ធិមនុស្ស និង ដំណើរការលទ្ធិប្រជាធិបតេយ្យ។ មន្រ្តីរាជរដ្ឋាភិបាល បានហៅគម្រោងផ្តល់ជំនួយភ្ជាប់លក្ខខណ្ឌនេះថា ជាការវាយតម្លៃខុសពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា គ្រាដែលមន្រ្តីបក្សប្រឆាំងយល់ឃើញថា ជាការតម្រង់ទិសដល់រាជរដ្ឋាភិបាល ឲ្យពង្រឹងបន្ទាត់ នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក William A Heidt ថា អ្វីដែលបានផ្សព្វផ្សាយនោះ គ្រាន់តែជាពង្រាងច្បាប់ថវិការបស់គណៈកម្មការថវិការបស់ព្រឹទ្ធសភាអាមេរិកតែប៉ុណ្ណោះ ហើយមិនទាន់មានការសម្រេចពីព្រឹទ្ធសភាអាមេរិកនៅឡើយនោះទេ ដោយពួកគេរង់ចាំស្តាប់របាយការណ៍វាយតម្លៃរបស់ក្រសួងការបរទេសអាមេរិកជាមុនសិន។
លោក បានបញ្ជាក់យ៉ាងដូច្នេះ «មិនមែនជាការសម្រេចរបស់ព្រឹទ្ធសភាអាមេរិកទេ នេះគឺជាពង្រាងច្បាប់ ដែលលើកឡើងដោយគណៈកម្មការថវិការបស់ព្រឹទ្ធសភាអាមេរិក មិនមែនជាការសម្រេចរបស់ព្រឹទ្ធសភាទេ»។
លោក ជុំ សុន្ទរី ក៏បានឲ្យដឹងផងដែរថា លោក ប្រាក់ សុខុន និង លោក William A Heidt មិនបានពិភាក្សាគ្នាចូលជ្រៅទៅក្នុងបញ្ហានេះឡើយ។ តែទោះជាយ៉ាងណា ក្នុងជំនួបពិភាក្សានៅថ្ងៃនេះ ទាំងលោក ប្រាក់ សុខុន និង លោក William A Heidt ហាក់មានសុទិដ្ឋិនិយមច្រើនលើទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសការដាក់ ចំណាត់ថ្នាក់ក្នុងកម្រិតល្អប្រសើររបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពង្រីកទីផ្សាររបស់អាមេរិក សម្រាប់ផលិតផលរបស់កម្ពុជា៕