អ្នកនាំពាក្យក្រសួងយុត្តិធម៌ រំលឹកមេធាវី កឹម សុខា ថា ចូលជួបកូនក្តី គ្រាន់តែសុំព្រះរាជអាជ្ញាមិនធ្ងន់ស្រាលទេ ព្រោះជាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រម (Video inside)
15-03-2023 13:46
(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំលឹកទៅក្រុមមេធាវីរបស់លោក កឹម សុខា ថា គ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីចូលជួបលោក កឹម សុខា មិនធ្ងន់ស្រាល ឬទាស់ខុសអីនោះឡើយ ព្រោះជាការតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រម។
ក្រុមមេធាវីរបស់លោក កឹម សុខា នៅថ្ងៃទី១៤ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា សិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា ត្រូវបានរំលោភ។ ការចេញសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីក្រុមមេធាវី ត្រូវបានកម្លាំងសមត្ថកិច្ចយាមកាមនៅក្រៅបរិវេណផ្ទះលោក កឹម សុខា មិនអនុញ្ញាតឱ្យពួកគេចូលជួបលោក កឹម សុខា ដោយទាមទារឱ្យមានការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។
តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ លោក ជិន ម៉ាលីន បានចាត់ទុកការរារាំងរបស់សមត្ថកិច្ចមិនជាការរំលោភលើសិទ្ធិលោក កឹម សុខា ក្នុងការទទួលបានជំនួយមេធាវីនោះឡើយ។
លោក ជិន ម៉ាលីន បានលើកឡើងដូច្នេះ «បើគ្រាន់តែសុំការអនុញ្ញាតពីបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំលឹកទៅមេធាវីការពារក្តី របស់លោក កឹម សុខា ផងដែរថា សូម្បីតែការចូលជួបកូនក្តីក្នុងពន្ធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។
លោក ជិន ម៉ាលីន បានដាក់ការសង្ស័យថា ប្រសិនបើមេធាវីការពារក្តីលោក កឹម សុខា មានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅព្រះរាជអាជ្ញា ដូចជាមិនអីនោះទេ លើកលែងតែមានចេតនាផ្សេងពីនេះ?
សូមរំលឹកថាក្នុងសាលក្រមផ្តន្ទាទោសលោក កឹម សុខា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នា២០២៣ បានកំណត់ថា លោក កឹម សុខា ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ៕