(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់។

សន្និបាតនឹងត្រូវដំណើរការទៅរយៈពេល២ថ្ងៃ ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ធានាឲ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធនានាក្នុងដំណើរការអភិវឌ្ឍខេត្ត និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធការអនុវត្តតួនាទី ភារកិច្ចកន្លងមក។

ថ្លែងបើកអង្គសន្និបាត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ដែលបានរួមចំណែក និងផ្តល់នូវកិច្ចសហ
ការគាំទ្រដល់ រដ្ឋបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន សម្រេចបានលទ្ធផលនានាជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។

ដោយឡែកកងកម្លាំង មានសមត្ថកិច្ចគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការគ្រប់រូប បានខិតខំពុះពារ រែកពុនការងារនានាជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្ត្រីអនុវត្ត តួនាទី ភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងក្របខណ្ឌភូមិ សាស្រ្តខេត្ត។ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា បទល្មើសព្រហ្មទណ្ឌ មានការថយចុះប្រមាណ២៥%។ រាល់បទល្មើសដែលបានកើតឡើងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បានអន្តរគមន៍ ឆ្លើយតប និងបង្ក្រាប ស្មើនឹង៩៧,២៤%។

លោកអភិបាលខេត្ត បានបន្តថា នៅក្នុងឆ្នាំ២០២២នេះដែរ សាខាពន្ធដារខេត្ត បានអនុវត្តប្រមូលចំណូលសារពើពន្ធសរុប ១៦,០២៨លានរៀល ស្មើនឹង១៤៩% នៃផែនការឆ្នាំ។ ដោយឡែក សាខាគយ និងរដ្ឋាករខេត្ត បានអនុវត្តការប្រមូល ចំណូលពន្ធសរុបចំនួន ៦,២៥៣លានរៀល ស្មើនឹង១៣២,៥០% នៃផែនការប្រចាំឆ្នាំ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អគាររដ្ឋបាលភ្លើងបំភ្លឺ និងសួនច្បារសាធារណៈមួយចំនួន ត្រូវបានស្ថាបនា កែលម្អ តភ្ជាប់ និងលើកកម្ពស់កម្រិតគុណភាព ក្រោមគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង្កើនចលនាសេដ្ឋកិច្ចឲ្យរស់រវើកនៅ ជនបទ និងការលើកកម្ពស់សេវាសាធារណៈនានា ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ពលរដ្ឋ។

លោក ញ៉ែម សំអឿន បានស្នើឲ្យសមាជិក សមាជិកា នៃអង្គសន្និបាតពិភាក្សាផ្លាស់ប្តូរយោបល់គ្នាឲ្យបានផុសផុល ដើម្បីប្រមូលធាតុចូលបំពេញបន្ថែមលើ ខ្លឹមសារបាយការណ៍ និងទិសដៅ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយ និងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕