(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះពិនិត្យស្រាវជ្រាវរកឱ្យឃើញពីមូលហេតុពិតប្រាកដ ក្នុងករណីអ្នកគ្រូបង្រៀនម្នាក់ បានប្រើអំពើហិង្សាលើកូនសិស្សរៀនថ្នាក់ទី២ ម្នាក់បណ្ដាលឱ្យមានរបួសស្នាមដៃ និងផ្ទៃមុខ ព្រមទាំងអ្នកគ្រូវាយអ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាថ្មគ្រែថ្មីៗនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំណុចនេះគឺជាបាតុភាពមិនល្អដែលគួរកើតមានក្នុងសាលារៀន បញ្ហានេះខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចុះធ្វើអប់រំ ណែនាំ និងធ្វើការកែលម្អដល់គ្រូៗ នៅសាលារៀនបឋមសិក្សាថ្មគ្រែ នោះឱ្យបានឆាប់រហ័ស។

ការជំរុញបែបនេះក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តក្រចេះ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា នេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តការងារដែលសម្រេចបានក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកដើម្បីចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលបានជួបប្រទះសំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារនៅខែថ្មីទទួលបានលទ្ធផលល្អប្រសើរ។

លោកបានជំរុញដល់លោកអភិបាលស្រុក-ក្រុង ព្រមទាំងមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនឹងការងារភ្ជាប់លីងឆេណែលតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន ឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានព័ត៌មាន លឿនឆាប់រហ័សពី រាជរដ្ឋាភិបាល និងបានជំរុញឱ្យក្រុមការងារស្រុក-ក្រុង ត្រូវចុះស្រង់ធ្វើបញ្ជីឈ្មោះ អ្នកបម្រើការងារផ្នែកសេវាកម្មក្រៅប្រព័ន្ធ រួមមានដូចជា៖ អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នកបម្រើការនៅតាមមណ្ឌលកម្សាន្ត ខារ៉ាអូខេ បៀរហ្គាដែន រួមនឹងបុគ្គលិកបម្រើការងារនៅតាមភោជនីយដ្ឋាន ដើម្បីកំណត់ពេលវេលាណាមួយសម្រាប់ថ្នាក់ដឹកនាំអញ្ជើញចុះជួបសំណេះសំណាល។

លោកបានឱ្យអាជ្ញាធរ ក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវលុបបំបាត់អស់នូវរាល់ល្បែងស៊ីសង់ខុសច្បាប់គ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ក្នុងការ ទប់ស្កាត់ និងបង្រ្កាប់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព៕