(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី ថា ថ្ងៃនេះនិងថ្ងៃស្អែក គឺជាខួបទី១៩ នៃរដ្ឋប្រហារថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅប្រទេសកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, បញ្ហានេះត្រូវបានលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានអះអាងថា វាគឺជាព្រឹត្តិការណ៍មួយដើម្បីរៀបចំធានានូវសណ្តាប់ធ្នាប់សាធារណៈនៅក្រុងភ្នំពេញ និងសណ្ដាប់ធ្នាប់នយោបាយតែប៉ុណ្ណោះ ហើយលោក សម រង្ស៊ី កំពុងលូកលាន់រឿងអ្នកដទៃ និងកំពុងញុះញង់បង្ករឿង, ដោយសារទង្វើនេះហើយ ទើបគណបក្សកាន់អំណាច មិនខ្ចីនិយាយរក។
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបន្តលើកឡើងថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គ្រាន់ជាការលើកឡើងដើម្បីបង្វែរ អារម្មណ៍របស់សាធារណជន ដូចជាអារម្មណ៍របស់អ្នកនយោបាយដទៃទៀត ឱ្យគិតត្រឡប់ក្រៅពីការពិតរយៈពេលកន្លងមក ដើម្បីបំភ្លៃការពិត ពីរឿងនិទណ្ឌភាព ការជាប់ទោសនៅតុលាការ ហើយអ្វីដែលចោទថា ជារដ្ឋប្រហារទំលាក់កំហុសមកលើយើង គួរអ្នកមិនពាក់ព័ន្ធកុំលូកលាក់ នេះជាការញុះញង់បង្ករឿង។ លោកបានបន្តថា សម្ដេចក្រុមព្រះ លោកបានឆ្លងកាត់នៅក្នុងសាច់រឿងហ្នឹង បានដឹងគ្រប់ជ្រុងជ្រោយអស់ហើយ ដូច្នេះលោក សម រង្ស៊ី លើកឡើង ដើម្បីបំភាន់បំភ្លៃការពិតតែប៉ុណ្ណោះ។
ការប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់លោក ផៃ ស៊ីផាន បែបនេះធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហាញនៅលើ Facebook ថា «ថ្ងៃនេះ និងថ្ងៃស្អែក គឺជាខួបទី ១៩ នៃរដ្ឋប្រហារ ថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ នៅប្រទេសកម្ពុជា ដែលពេលនោះកងកម្លាំងប្រដាប់អាវុធគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន បានកម្ចាត់កងកម្លាំងប្រដាប់អាវុធ គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយលោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីស្របច្បាប់ ត្រូវបានគេទម្លាក់ពីតំណែង ក្នុងឱកាសរដ្ឋប្រហារនោះ»។
ចំណែកមន្រ្តីជាន់ខ្ពស់មួយរូបទៀត សុំមិនបញ្ចេញឈ្មោះបានបន្តឆ្លើយតបបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា ដោយសារភាពមិនម៉ត់ចត់របស់ មេដឹកនាំបក្សប្រឆាំងយ៉ាងនេះហើយ ទើបគណបក្សប្រជាជនកម្ពុជាព្រងើយកន្តើយ មិនអើពើចរចា មិនខ្ចីនិយាយរក, ព្រោះមេដឹកនាំបក្សប្រឆាំងនេះមានចរិតលីលា មួយថ្ងៃសុំចរចា មួយថ្ងៃរិះគន់វាយប្រហារមេដឹកនាំរាជរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់ដដែលរូបនោះបានបញ្ចប់ដោយពោលពាក្យថា «ទង្វើរបស់ សម រង្ស៊ី គឺគ្រាន់តែធ្វើឲ្យ កឹម សុខា និងអ្នកជាប់ឃុំ ផ្សេងទៀតកាន់តែលំបាកបន្ថែមទៀត។ ទុកឲ្យ សម រង្ស៊ី ឆ្កួតឡប់ម្នាក់ឯងចុះ»៕