(ត្បូងឃ្មុំ)៖ ក្តីកង្វល់ទុក្ខលំបាកដ៏រុំារ៉ៃជាង១១ឆ្នាំ ត្រូវបានជំនួសមកវិញ នូវស្នាមញញឹមសប្បាយរីករាយ របស់បងប្អូនប្រជាពលរដ្ឋ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ចំនួន២៣គ្រួសារ ដោយសារការគិតគូយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានចាត់បញ្ជូន លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកជួយដោះស្រាយទំនាស់ដីធ្លីដ៏រ៉ំារៃរបស់ពួកគាត់ រហូតទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ទៀតផង។
លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា និងអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំអភិបាលស្រុក មេឃុំ មន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធ ចុះដល់ទីតាំងដីដោយផ្ទាល់ ដើម្បីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនូវប័ណ្ណកម្មសិទ្ធិ ហើយបាន បញ្ចប់ក្តីកង្វល់របស់បងប្អូនទាំង២៣គ្រួសារ។
លោក ហាក់ សុខមករា បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ថា «ប្រជាពលរដ្ឋទាំង២៣គ្រួសារ បានត្រេកអរយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណ ដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតដល់សុខទុក្ខ របស់់ប្រជាពលរដ្ឋ ដោយបានដោះស្រាយបញ្ចប់បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃនេះ»៕