(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងដំណើរការការងាររៀបចំការបោះឆ្នោត និង បញ្ជីឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់បានយ៉ាងល្អ មិនដូចការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិដែលថា ស្ថានភាពនយោបាយកម្ពុជា នាពេលបច្ចុប្បន្ននេះ ជះឥទ្ធិពលដល់ដំណើរការបោះឆ្នោត នាពេលខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អង្គភាព Fresh News នៅរសៀលនេះថា គ.ជ.ប កំពុងដំណើរការការងាររៀបចំការបោះឆ្នោត និង បញ្ជីឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូនគ្មានអ្វីគួឲ្យព្រួយបារម្ភនោះទេ។ លោកថា «បច្ចុប្បន្ននេះ គ.ជ.ប បានបំពេញតួនាទី និងការទទួលខុសត្រូវ គ្រប់គ្រងស្ថានការណ៍សម្រាប់ការបោះឆ្នោតបានយ៉ាងល្អ ទាំងជំនួយនិងសំភាសន៍។ ខ្ញុំមិនចង់និយាយអ្វីដែលទាក់ទង នឹងនយោបាយឡើយទុកឲ្យអ្នកនយោបាយ ឆ្លើយឆ្លងជាមួយអ្នកនយោបាយចុះ អ្វីដែលខ្ញុំដឹង ត្រឹមថា គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ គ្មានអ្វីគួឲ្យព្រួបារម្ភឡើយ»។
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រកាសនៅក្នុងសន្និសីទកាសែត នាទីស្នាក់ការ CNRP ថា ស្ថានភាពនយោបាយពេលនេះ នៅតែបន្តអាប់អួរ។
លោកថា «បើស្ថានការណ៍នៅតែជាប់គាំងបែបនេះ ស្ថានភាពគណបក្សប្រឆាំងនៅតែមានបែបនេះ ការប្រព្រឹត្តអំពើហិង្សានៅតែមានបែបនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជំនួយរបស់សហគមន៍អន្តរជាតិ ដូច្នេះយើងមិនចង់ជួបស្ថានភាពបែបនេះទេ ជាពិសេសទៀតគឺការបោះឆ្នោត បើបរិយាកាសអាប់អួរ បើប៉ះពាល់ជំនួយគ.ជ.ប នោះវានឹងប៉ះពាល់ដល់ការបោះឆ្នោតហើយ»។
ឆ្លើយតបនឹងការលើកឡើងនោះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលមានប្រភពមកពីអង្គការសង្គមស៊ីវិលរូបនេះ បានបញ្ជាក់ថា គ.ជ.ប ទទួលបានជំនួយគ្រឹះពីរាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ សរុបទាំងអស់ជាង ៥៣លានដុល្លារអាមេរិក ក្នុងនោះចំណាយលើការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៦ អស់ជាង២២លានដុល្លារអាមេរិក ដែលថវិកាទាំងនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោតនៅឆ្នាំ២០១៧។ ក្រៅពីនោះគ.ជ.ប ក៏ទទួលបានជំនួយបន្ទាប់បន្សំទៀតពីសហគមន៍អឺរ៉ុប សរុប៦.៧លានយូរ៉ូ និង ពីប្រទេសជប៉ុន ចំនួន១.១លានដុល្លារ សហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ នឹងចាប់ផ្តើម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ ការបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នៅត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចំណែក ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕