(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអស់សំណើចជាខ្លាំងចំពោះភាពល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ជាអ្នកនយោបាយវ័យចំណាស់ អួតសុទ្ធតែជាបញ្ញវន្ត បែរជាអានមិនយល់ខ្លឹមសារសំបុត្ររបស់ក្មេងវ័យ១៦ឆ្នាំ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា នៅកងពលតូចថ្មើរជើងលេខ៥២ យោធភូមិភាគទី៥ កងទ័ពជើងគោក ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពន្យល់លំអិតលើខ្លឹមសារសំបុត្ររបស់លោកផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំចូលរៀនសាលាបណ្ឌិតសភាយោធារបស់អាមេរិក West Point កាលពី៣០ឆ្នាំមុន។
ការចេញមកបកស្រាយលើខ្លឹមសារសំបុត្រនេះ ក្រោយពេលត្រកូលក្បត់ជាតិ សម រង្ស៉ី បានយកខ្លឹមសារសំបុត្រនោះធ្វើជាមូលដ្ឋានវាយតម្លៃថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក ក្រោមកិច្ចអន្តរាគមន៍ មិនពឹងលើសមត្ថភាពរបស់ខ្លួន។
«ខ្ញុំចង់សើចដែរ មនុស្សចាស់ម្នាក់អាយុជាង ៧០ឆ្នាំ ដែលតាំងខ្លួនជាបញ្ញវន្ត រៀនសុទ្ធតែសាលាជាន់ខ្ពស់នៅបារាំង អនុបណ្ឌិតនៅបារាំង មើលសំបុត្រក្មេងអាយុ១៦ឆ្នាំ មើលមិនយល់។ ខ្ញុំឆ្ងល់ដែរ ខ្ញុំសរសេរសាមញ្ញមួយជូនឪពុករបស់ខ្ញុំ រឿងសាមញ្ញបំផុត»។ នេះជាការថ្លែងហួសចិត្តរបស់លោក ហ៊ុន ម៉ាណែត ចំពោះភាពល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី។
ជាមួយនឹងការហួសចិត្តចំពោះភាពល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ហើយនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពន្យល់មួយឃ្លាម្តងៗលើខ្លឹមសារសំបុត្ររបស់លោកផងដែរ។
ឃ្លាថា «នៅសាលាទាហ៊ានអាមេរិកពិបាកចូលរៀនណាស់ ព្រោះភាគច្រើនចូលរៀនបាន គឺជាអាមេរិកាំង» លោកបណ្ឌិត បានពន្យល់ថា សាលាបណ្ឌិតសភាយោធាអាមេរិក មិនងាយនឹងចូលរៀននោះឡើយ។ ក្នុងមួយឆ្នាំមានសិស្ស ១២,០០០នាក់ ទៅ ១៥,០០០នាក់ បានដាក់ពាក្យ ហើយអ្នកជាប់តែ ១,២០០នាក់ប៉ុណ្ណោះ គឺមិនបាន ១០ភាគរយនោះនៃអ្នកដាក់ពាក្យនោះទេ។ ក្នុងចំណោមអ្នកជាប់ ១,២០០នាក់នេះ មានសិស្សបរទេសប្រមាណ ២០នាក់ប៉ុណ្ណោះ មិនដល់ ២ភាគរយនោះទេ។ ក្នុងជំនាន់ដែលលោកបណ្ឌិតចូលរៀន មានតែ៧នាក់ប៉ុណ្ណោះ នៃសិស្សបរទេស ដែលបានប្រលងចូលជាប់ ក្នុងនោះមានខ្មែរមួយរូបដែរ គឺរូបលោក។ ហ្នឹងហើយដែលគេហៅថាលំបាក។
ឃ្លាថា «ជនបរទេសទាល់តែដាក់ដឺម៉ង់ពិសេស» លោកបណ្ឌិត បានពន្យល់ថា ជនបរទេសដាក់ពាក្យអត់ដូចជនជាតិអាមេរិកាំងនោះទេ គឺដាក់ពាក្យតាមទូតអាមេរិកាំងនៅក្រៅប្រទេស។ ដោយឡែកជនជាតិអាមេរិកាំង ដាក់ពាក្យត្រង់ទៅសាលាតែម្តង។ សម្រាប់ជនបរទេសគ្មានសិទ្ធិដាក់ត្រង់ទៅសាលាទេ គឺត្រូវដាក់តាមស្ថានទូតអាមេរិកប្រចាំប្រទេសរបស់ខ្លួន។
កូនខ្មែរដំបូងគេបានរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិករូបនេះ បានបញ្ជាក់ទៀតថា លក្ខខណ្ឌនៃការចូលរៀន គឺត្រូវប្រលង។ ក្នុងនោះសម្រាប់ជនជាតិអាមេរិកាំង ត្រូវប្រលងពីរវិញ្ញាសារ រួមមាន ការប្រលងចំណេះដឹងទូទៅ និងប្រលងកីឡា។
សម្រាប់សិស្សបរទេស ត្រូវថែមវិញ្ញាសារភាសាមួយទៀត។ ដូច្នេះសិស្សបរទេសត្រូវប្រលងវិញ្ញសារចំនួន៣ រួមមានអង់គ្លេស ចំណេះដឹងទូទៅ និងកីឡា។ បន្ទាប់មកទើបគេយកពិន្ទុទៅបូកសរុបចូលគ្នា ហើយយកទៅប្រៀបធៀបជាមួយសិស្សដទៃទៀត ទើបជ្រើសរើសយក ១,២០០នាក់ ហើយសិស្សបរទេសមិនឱ្យលើសពី២០នាក់ ហើយក្នុងជំនាន់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សិស្សបរទេសបានតែ ៧នាក់ប៉ុណ្ណោះ។
ឃ្លាថា «តាមអ៊ំប្រុសនិយាយចូលរៀនបានទាល់តែមានអ្នកជួយជាថ្នាក់ឧត្តមសេនីយ៍ ឬនៅក្រៅប្រទេសជាទូតក៏បាន» លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សិស្សដែលដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិកនេះបាន ទោះបីពូកែយ៉ាងណាក៏ដោយ នឹងមិនអាចជាប់បញ្ជីសម្រាំងដំបូងនោះឡើយ បើគ្មានការជួយធានា។ ការធានានេះ សម្រាប់ជនជាតិអាមេរិក ត្រូវមានមន្ត្រីរបស់អាមេរិក សម្រាប់ជនបរទេស ត្រូវមានស្ថានទូតអាមេរិក ជាអ្នកធានា។ បើមិនមានអ្នកធានាឱ្យដាក់ពាក្យទេ ទោះបីពូកែយ៉ាងណា ក៏គេមិនរើសនោះឡើយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ជនជាតិអាមេរិក អ្នកមានសិទ្ធិធានារួមមាន អនុប្រធានាធិបតីអាមេរិក អាចធានា ៥នាក់ បន្ទាប់មកមានសមាជិកសភា និងព្រឹទ្ធសភាអាមេរិក ហើយក្នុងក្របខណ្ឌយោធា មាននាយទាហានជាន់ខ្ពស់ ប្រធានអង្គភាព ឬនាយទាហានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា អាជួយហ្នឹង គឺជួយអ៊ីចឹង គឺជួយធានាឱ្យដាក់ពាក្យ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា សម្រាប់សាលាបណ្ឌិតសភាយោធាអាមេរិកនេះ ការប្រលងចូល គឺជារឿងលំបាកមួយហើយ តែកាន់លំបាកថែមទៀតនោះ គឺប្រលងចូលហើយរៀនមិនបានចប់។
លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមសិស្សដែលប្រលងជាប់ប្រមាណ ១,២០០នាក់នេះ ពេលរៀនមានអ្នកធ្លាក់ និងបោះបង់ការសិក្សាប្រមាណ ១៥ភាគរយ ទៅ ២០ភាគរយថែមទៀត ទទួលសញ្ញាបត្របានតែ ៨០ភាគរយ ទៅ ៨៥ភាគរយប៉ុណ្ណោះ។ នៅជំនាន់លោករៀននោះ អ្នកទទួលសញ្ញាបត្រមានតែ ៧៧ភាគរយប៉ុណ្ណោះ ពោលអ្នកទទួលបានសញ្ញាបត្រមានតែ ៩៣៤នាក់។
លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅជនត្រកូលក្បត់ជាតិ សម រង្ស៉ី ទៀតថា បើចង់ដឹងសមត្ថភាពរបស់លោកពិតប្រាកដ កុំផ្តោតតែរឿងចូលរៀន ប៉ុន្តែអាចទៅរកព័ត៌មានប្រវត្តិសិក្សារបស់លោកនៅក្នុងសាលារយៈពេល ៤ឆ្នាំ តើ លោករៀនបានចំណាត់ថ្នាក់លេខប៉ុន្មាន?
លោក ហ៊ុន ម៉ាណែត បានលើកដូច្នេះ «បើហ៊ានយើងបបួលគ្នាភ្នាល់ ខ្ញុំនឹងដឹកដៃគាត់ទៅសុំសាលាមើលទាំងអស់គ្នា តើ ហ៊ុន ម៉ាណែត រៀនបានលេខប៉ុន្មាននៅក្នុងសាលាអាមេរិកាំងដែលលំបាកនេះ តើ ហ៊ុន ម៉ាណែត រៀននៅកន្ទុយគេ ធ្លាក់ផង អីផងអត់? តែហ៊ានភ្នាល់ជាមួយខ្ញុំ បើពិតជាឃើញហើយខ្ញុំមិនចុងប៉ូច ខ្ញុំរៀនបានពិន្ទុល្អ មិនចាញ់គេ មិនចាញ់កូនអាមេរិកាំង ក្នុងសាលាដែលលំបាក លោកឯង ហ៊ានភ្នាល់ឈប់ធ្វើនយោបាយទេ? ប្រហែលជាអត់ទេ? គ្រាន់តែភ្នាល់ជាមួយខ្ញុំសញ្ញាបត្រកម្រិតពីរមិនហ៊ានភ្នាល់ផង»៕