ភ្នំពេញ៖ លោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកថវិកាមួយចំនួន ទៅប្រគល់ជូនមន្រ្តីនគរបាលចរាចរណ៍ គឺលោក សេង ប៊ុននី ដែលបានដួលសន្លប់ ពេលកំពុងបំពេញការងារ ពោលពេលកំពុងបញ្ជាចរាចរណ៍កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
លោក ប៉ែន ឃុន បានថ្លែងថា សម្រាប់ថវិកាដែលធ្វើការប្រគល់ជូនដល់ដៃ របស់មន្រ្តីខ្លួន នៅផ្ទះជាន់លើក្បែរផ្សារអូរឬស្សីនេះ រួមមាន៖ ការិយាល័យចរាចរណ៍ផ្លូវគោកចំនួន១លានរៀល ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក អ៊ុច សុខុន ចំនួន២០ម៉ឺនរៀល និងការរៃអង្គាសប្រាក់ពីមន្រ្តីនគរបាល ដែលជាមិត្តរួមការងារប្រមាណ៥០ម៉ឺនរៀលផងដែរ។ លោក ប៉ែន ឃុន បានថ្លែងទៀតថា ក្រោយពីទទួលបានព័ត៌មានពីស្ថានភាពមន្រ្តីរបស់ខ្លួន ដែលបានដួលសន្លប់ពេលកំពុងបំពេញការងារនោះ នាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ចែងឲ្យការិយាល័យ នាំយកថវិកាទៅប្រគល់ផ្ទាល់ និងផ្តាំផ្ញើការសួរសុខទុក្ខផងដែរ។ លោកប៉ែន ឃុន បានជូនពរឲ្យលោក សេង ប៊ុននី ឆាប់ជាសះស្បើយ និងណែនាំឲ្យគ្រួសាររបស់ លោកជួយមើលថែជម្ងឺ ដើម្បីឆាប់បានចូលបម្រើការងារវិញ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក សេង ប៊ុននី ជាអត្តលេខ២៦២៣៩ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលឈរជើងនៅគោលដៅផ្លូវ R6 កែងផ្លូវលេខ៧០ បានសម្រួលចរាចរណ៍ នៅគោលដៅខាងលើរហូតដល់ដួលសន្លប់ កាលពីថ្ងៃទី០២ ខែកក្កដា ២០១៦ វេលាម៉ោង ១១៖៤៥នាទី៕