(ភ្នំពេញ)៖ ដើម្បីបំពេញសេចក្តីត្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ វិស័យឧស្សាហកម្ម និងទេសចរណ៍នោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរបស់កូរ៉េខាងត្បូង សាងសង់វារីអគ្គិសនីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍ សាត់ ដែលអាចផលិតថាមពលបានប្រមាណ ៨០មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគជាង ២០០លានដុល្លារអាមេរិក។
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សាងសង់ដោយក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ដែលមានលោក គីម យុង អ៉ីល (KIM MYUNG IL) ជាអគ្គនាយក។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគកាលពីឆ្នាំ២០១៩ហើយនោះ ក្រុមហ៊ុនបានខិតខំស្វែងរកប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។
គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត រួមទាំងការសាងសង់ទំនប់ទឹកផងដែរ។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ព្រមទាំងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់វារីអគ្គិសនីនេះដោយផ្ទាល់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគ និងសាងសង់វារីអគ្គិសនេះ។
បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គិសនីកម្ពុជា បានឱ្យដឹងថា វារីអគ្គិសនីត្រូវបានសាងសង់ក្រោមទម្រង់ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរជូនរាជរដ្ឋាភិបាល)។ លោក កែវ រតនៈ បានគូសបញ្ជាក់ថា បន្ទាប់ពីសាងសង់រួចរាល់ ក្រុមហ៊ុននឹងធ្វើអាជីវកម្មជាមួយវារីអគ្គិសនីនេះ រយៈពេល ៣៧ឆ្នាំ ហើយនឹងប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក កែវ រតនៈ បានស្វាគមន៍ជាមួយក្តីរីករាយបំផុតចំពោះសាងសង់វារីអគ្គីសនីនេះ។ លោក កែវ រតនៈ បានគូសបញ្ជាក់ថា វារីអគ្គិសនីនេះមានគុណតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចជាតិ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោក កែវ រតនៈ បានអះអាងថា គម្រោងវារីអគ្គិសនីនេះ ក្រៅពីផ្តល់ការងាររាប់រយកន្លែងជូនដល់ប្រជាពលរដ្ឋហើយនោះ គម្រោងនេះ ក៏ជួយផ្តល់បន្ថែមនូវថាមពលអគ្គិសនីសម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស។ បន្ថែមពីលើនេះគម្រោងនេះ ក៏ជួយទប់ទឹកជំនន់ក្នុងខែវស្សា មិនឱ្យជន់លិចភូមិសាស្ត្រមួយចំនួនដូចជាក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងបាកានជាដើម។
លើសពីនេះទៀត គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក៏ជួយផ្តត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពនៅក្នុងរដូវប្រាំងផងដែរ។
បើតាមលោក កែវ រតនៈ ក្រៅតែពីប្រយោជន៍រៀបរាប់ខាងលើហើយនោះ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក៏ផ្តល់ជាប្រយោជន៍សម្រាប់វិស័យទេសចរណ៍ផងដែរ។
បើតាមលោក កែវ រតនៈ មកដល់បច្ចុប្បន្នកម្ពុជាមានវារីអគ្គិសនីដែលជាប្រភព ថាមពលអគ្គិសនីស្អាតសរុបប្រមាណ៩ហើយ។ ជាមួយគ្នានេះ កម្ពុជាមានសមត្ថភាពផលិតថាមពលសរុបប្រមាណ ៤ពាន់មេហ្គាវ៉ាត់ ដែលធ្វើឱ្យកម្ពុជាមានប្រភពថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើដល់វិស័យឧស្សាហកម្ម៕