(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីកសាងសមត្ថភាព មន្ត្រីបុគ្គលិករបស់ខ្លួន តាមរូបភាពផ្សេងៗ ដើម្បីឆ្លើយតបការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ ជាពិសេសក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាទេសាភិបាល SEACEN លើកទី៣៥ ទាក់ទងនឹងការបង្កើតកម្មវិធីធ្វើតេស្តវាយតម្លៃ និងចេញលិខិតបញ្ជាក់គុណវុឌ្ឍិ មន្ត្រីជំនាញត្រួតពិនិត្យធនាគារ របស់ធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិក ។
លើសពីនេះទៅទៀត ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមយន្តការថ្មីមួយទៀត គឺការសិក្សាតាម Online ក្រោមកម្មវិធី FSI Connect ។ កម្មវិធីសិក្សា FSI Connect នេះបានរៀបចំឡើង ដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ (FSI) នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដែលមានស្នាក់ការកណ្តាល នៅប្រទេសស្វីស។
បច្ចុប្បន្នធនាគារកណ្តាលជាង១០០ នៅលើពិភពលោក បានទិញសិទ្ធិចុះឈ្មោះចូលរៀន ជូនមន្ត្រីខ្លួនក្នុងការសិក្សាលើឯកទេសកម្ម ត្រួតពិនិត្យធនាគារ ដែលមានសិក្ខាកាមសរុបចំនួនជាង ១០០០០នាក់ ដែលកំពុងសិក្សាក្នុងនោះមន្ត្រី ធនាគារជាតិនៃកម្ពុជា មានចំនួន១៨៧រូបផងដែរ។
វគ្គសិក្សា NBC–FSI Connect នេះ បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦មក ហើយក្រោយពីសិក្ខាកាម បានសិក្សាមួយរយៈរួចមក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ មានមន្ត្រីចំនួន ៣៤រូប បានដាក់ពាក្យសុំប្រឡង លើមុខវិជ្ជាមួយចំនួន ដែលខ្លួនបានសិក្សាក្នុងកម្រិតបឋមលើកទី១ នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ដើម្បីធានាគុណភាពសិក្សា និងជឿទុកចិត្តលើលទ្ធផល។
សូមបញ្ជាក់ថា ការប្រឡងនៅពេលេនះ មានការត្រួតពិនិត្យដោយផ្ទាល់ពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ហើយធ្វើឡើងជាបន្តបន្ទាប់ រហូតដល់បញ្ចប់កម្រិតនីមួយៗ៕