(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចរការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រកួតនៅសល់តែ ៥២ថ្ងៃទៀត។

ថ្លែងនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង លើកឡើងថា ការងារធំរបស់យើង គឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត កុំឲ្យមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ។

លោកឃួង ស្រេង បានបន្តទៀតថា ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់មហាវិថីឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះនេះតែម្តង។ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ ការសំអាត អនាម័យបរិស្ថានក៏ត្រូវយកចិត្តទុកដាក់ ជាមួយការចលនាប្រជាពលរដ្ឋឲ្យដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា ការរៀបចំ ការប្រកួតកីឡាស៉ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារ ដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលំអរផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រង និងទទួលខុសត្រូវទាំងស្រុង របស់អាជ្ញាធររាជធានីភ្នំពេញក្តី៕