(កណ្ដាល)៖ ហេតុការណ៍ប្លន់រថយន្តមួយករណី បានកើតឡើងនៅភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើល្បិចនាំភ្ញៀវទិញរថយន្ត ហើយឆ្លៀតប្លន់តែម្ដង តែមិនបានជោគជ័យ ព្រោះម្ចាស់រថយន្តប្ដឹងភ្លាមៗ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់។
ក្រោយមានហេតុការណ៍នេះកើតឡើង និងមានសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋចេញតាមផងនោះ ជនសង្ស័យក៏សម្រេចចិត្តបើកឡានដែលប្លន់បាន ទម្លាក់ចូលប្រឡាយចោលតែម្ដង ហើយរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចឲ្យដឹងថា ជនជនរងគ្រោះឈ្មោះ ជឿន ស៊ីនួន អាយុ៤១ឆ្នាំ មានទីលំនៅក្នុងបូរីភពថ្មីកំបូល១ ខណ្ឌកំពូល រាជធានីភ្នំពេញ មុខរបរទិញលក់រថយន្ត។ រីឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានតេទៅជនរងគ្រោះថា មានគេចង់ទិញរថយន្តតម្លៃជាង៣ម៉ឺនដុល្លារ។ ក្រោយពេលទទួលទូរស័ព្ទរបស់ ជនសង្ស័យហើយ ជនរងគ្រោះបានបើកឡានទៅយកជនសង្ស័យនៅម្តុំទួលពង្រ។
ពេលទៅដល់ជនរងគ្រោះ បានជិះជាមួយជនសង្ស័យ លុះពេលធ្វើដំណើរតាមផ្លូវ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ ហើយខ្លួនចុះពីរថយន្ត។ ពេលចូលមកវិញក៏យកស្រ្ពាយបាញ់ទៅលើជនរងគ្រោះ និងយកដុំឆក់ប្រើភ្លើងមកឆក់ជនរងគ្រោះ រហូតជនរងគ្រោះបើកទ្វារចុះពីឡានស្រែកឲ្យគេជួយ។
ក្រោយជនរងគ្រោះ ស្រែកហើយប្រជាពលរដ្ឋ បានជួយទាក់ទងទៅសមត្ថកិច្ច ទាក់ទងដើម្បីតាមចាប់ជនសង្ស័យ រហូតបើកឡានទម្លាក់ចូលទឹកប្រឡាយតែម្តង។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា៕