(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន​ បាន​អនុញ្ញាត​ឲ្យលោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម​ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីន។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេល៣០ឆ្នាំ ដោយទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្ត។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានដឹកនាំ សម្របសម្រួល រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាតទៅគ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិ ព្រមទាំងមានរបបប្រជុំជាប្រចាំជាមួយគ្រប់ដៃគូអភិវឌ្ឍន៍។

ជាមួយគ្នានេះ សម្តេចតេជោ បានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងមានបំណងចង់ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ។

លោក Cherdkiat Atthakor បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីនរយៈពេល ៣០ឆ្នាំនេះ ព្រមទាំងបានគាំទ្រនូវចក្ខុវិស័យរបស់សម្តេចតេជោ ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕