(រតនគិរី)៖ បេក្ខជន-បេក្ខនារី ជាច្រើននាក់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំគ្នាសម្រុកទិញពាក្យប្រឡង មន្ត្រីនគរបាលជាតិនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ បេក្ខជន ឃិត ពៅ បានប្រាប់ឲ្យដឹងថា លោកមានអាយុអាយុ២៨ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង មានបរិញ្ញាបត្រ ហើយបានមកទិញពាក្យចូលប្រឡងក្របខ័ណ្ឌនគរបាលជាតិ។
បេក្ខជនរូបនេះ បានលើកឡើងថា «សូមឲ្យការប្រឡងមានភាពយុត្តិធម៌ ពុំអាងខ្នង អាងខ្សែទុយោ ដោយសង្ឃឹមមុនថា មាន ៧០-៧៥% នាពេលប្រឡងខាងមុខ»។
ស្នងការនគបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានថ្លែងថា ពាក្យប្រឡងមានចំនួន៦១២ច្បាប់ ហើយលទិ្ធផលទទួលយកចំនួន១០២នាក់ ប៉ុន្តែមុននឹងមន្ត្រីរបស់លោក លក់ពាក្យជូននោះតម្រូវឲ្យបេក្ខជន-បេក្ខនារី ត្រូវពិនិត្យសុខភាព ដូចជា ពិនិត្យទឹកនោម ពិនិត្យឈាម ថ្លឹងទម្ងន់ វាស់កំពស់ជាដើម។
លោក ងួន គឿន បន្តទៀតថា «តម្លៃពាក្យចូលប្រឡង១ច្បាប់១០០០០រៀល ហើយសេវាតម្លៃត្រួតពិនិត្យសុខភាព បេក្ខជន-បេក្ខនារី ចេញដោយខ្លួនឯង»។
លោកស្នងការ បានបញ្ជាក់ឲ្យដឹងទៀតថា ការជ្រើសរើសប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី មាន៣ប្រភេទ ទី១-ក្របខ័ណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាល ទី២-ការិយាល័យជំនាញ និងទី៣-វរៈការពារព្រំដែន ហើយក្នុងនោះសញ្ញប័ត្រប្រឡងចូលក្របខ័ណ្ឌខាងលើ មានភាពខុសគ្នា ដូចជា ក្របខ័ណ្ឌការិយាល័យជំនាញ មានសញ្ញាប័ត្របរិញ្ញាបត្រ មានតម្លៃស្មើ ឫសញ្ញាបត្រជាន់ខ្ពស់ អាយុត្រឹម៣០ឆ្នាំ ចុះក្រោមកំពស់១,៦៧ម៉ែត្រ ទំងន់៥៧-៦៧ (បេក្ខជន) កំពស់១,៥៧ម៉ែត្រ ទំងន់៤៧-៥៧ (បេក្ខនារី)។
ក្របខ័ណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាល និងវរៈការពារព្រំដែន បរិញ្ញបត្ររងទុតិយភូមិ(បាក់ឌុប) ឫសញ្ញាបត្រមានតម្លៃស្មើ អាយុចាប់ពី១៨ រហូតដល់២៥ឆ្នាំ ហើយចាប់ទទួលពាក្យប្រឡងពីថ្ងៃទី៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
ដោយឡែក ចំពោះព័ត៌មានចាមរ៉ាមថា មានសាច់ញាតិ កូនចៅ របស់មន្ត្រីជាន់ខ្ពស់ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដាក់ពាក្យចូលប្រឡងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ខ្លាចក្រែងការប្រឡង ពុំមានភាពយុត្តិធម៌នោះ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ក្នុងនាមគណៈកម្មការប្រឡងបានបញ្ជាក់ថា បន្ទាប់ពីបញ្ឈប់ការទទួលពាក្យ រហូតដល់ថ្ងៃប្រឡងចប់ វិញ្ញាសា ត្រូវដឹកជញ្ជូនទៅកែនៅក្រសួងមហាផ្ទៃដូច្នេះពុំមានការសូកប៉ាន់ ឫខ្សែទុយោអ្វីនោះទេ ពោលគឺមានសមត្ថភាពគឺប្រឡងជាប់។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី ងួន គឿន មិនបានបញ្ជាក់ថា មានវិញ្ញាសាអ្វីខ្លះដាក់ចូលក្នុងកម្មវិធីប្រឡងនោះទេ ប៉ុន្តែគាត់ចង់បានបេក្ខនារី យ៉ាងហោចណាស់ប្រឡងជាប់ពី២៥-៣០% ក្នុងក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការនគរបាលខេត្តរតនគិរី៕