(ភ្នំពេញ)៖ លោក តាំង សុចិត្រគ្រីស្នា អតីតប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចូលកាន់តំណែងជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុជាផ្លូវការ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ជំនួស លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុចាស់ ដែលឡើងមកកាន់តំណែងជាអធិការ នៃក្រសួងទេសចរណ៍។
ពិធីតែងតាំង លោក តាំង សុចិត្រគ្រីស្នា ជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហើយដោយមានការចូលរួម លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមទាំងតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ផ្នែកឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសិស្សានុសិស្សសរុបប្រមាណ៣០០នាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឲ្យ លោក តាំង សុចិត្រគ្រីស្នា បន្តពង្រឹងការងារទាំងកិច្ចការរដ្ឋបាល គ្រប់គ្រង និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមរយៈការប្រមូលផ្តុំការចូលរួមពីផ្នែកឯកជន និងភាគីពាក់ព័ន្ធ។ បន្ថែមលើនេះ ក្នុងនាមជាខេត្តតំបន់ឆ្នេរ មន្ទីរទេសចរណ៍ត្រូវអនុវត្តតួនាទីជាសេនាធិការដល់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជាឲ្យបានល្អស័ក្កសមកិត្តិនាម «ឆ្នេរសមុទ្រកម្ពុជាជាឆ្នេរដែលស្អាតបំផុតលើសកលលោក» ត្រៀមឆ្ពោះទៅកាន់ការរៀបចំពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ខណៈពេលដែល ត្រូវបានចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងឆ្នាំ២០១៥ ខេត្តព្រះសីហនុទទួលទេសចរ ១,៥១៨,៨៧៤ នាក់ ក្នុងកំណើន ១៤.៣៩%ធៀបនឹងឆ្នាំ២០១៤ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៣៦២,០៦១នាក់ ក្នុងកំណើន ០.៩៥% ហើយរយៈពេល៦ខែ ឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុទទួលទេសចរបាន ១,០៣២,៨៨១ នាក់ ក្នុងកំណើន ១៦.៦៥% ក្នុងនោះទេសចរអន្តរជាតិមាន ២២៣,០៩៧ នាក់ក្នុងកំណើន ៣.១២%។
ក្រសួងទេសចរណ៍មានផែនការទាក់ទាញទេសចរអន្តរជាតិ មកកាន់ខេត្តទាំង៤ នៃតំបន់ឆ្នេរឲ្យបាន១លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់ ក្នុងឆ្នាំ២០២០៕