(សេអ៊ូល)៖ ភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់កូរ៉េខាងត្បូង ទៅលើប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ទម្ងន់ខ្លួនរបស់ លោក គីម ជុងអ៊ុន ហាក់បន្តកើនឡើងជាលំដាប់ ដែលខុសដាច់ពីពេលដែលលោកទើបឡើងកាន់តំណែង ជាមេដឹកនាំ កំពូលកូរ៉េខាងជើងដំបូង កាលពីឆ្នាំ២០១២ ហើយប្រការនេះ គេអាចសន្មត់បានថា លោកកំពុងតែព្រួយបារម្ភចំពោះ បញ្ហាសុខភាព និង ទទួលរងជំងឺថ្មីៗមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិចនារសៀលថ្ងៃ អង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។
សារព័ត៌មានកូរ៉េខាងត្បូង បានសរសេរចំណងជើងព័ត៌មានថ្មីនេះ ក្នុងរបៀបជាការចំអកដល់កូរ៉េខាងជើងថា «មេដឹកនាំកូរ៉េខាងជើង កំពុងតែកើនឡើងទំងន់លើសកម្រិត ហើយនិងគេងមិនលក់ ព្រោះមានការព្រួយបារម្ភពីជោគ វាសនាជីវិតរបស់ខ្លួន»។ ប៉ុន្តែនៅមានចម្ងល់មួយទៀត ដែលត្រូវបានលើកឡើងថា តើចារកម្មសម្ងាត់របស់កូរ៉េខាងត្បូង ជានរណា បើនៅកូរ៉េខាងជើងមានការរឹតបន្តឹងលើផ្នែកសន្តិសុខជាតិបែបនេះ?
ទោះបីជាបែបនេះក្តី វាមិនមែនមានន័យថារាល់ព័ត៌មានសុទ្ធតែគួរឲ្យទុកចិត្តនោះទេ ប៉ុន្តែបើតាមមើលរូបភាពនិងវីដេអូ ជាក់ស្តែងរបស់លោក គីម ជុងអ៊ុន នោះលោកពិតជាមានមាឌធំជាងមុនប្រាកដមែន ហើយកាលពីចុងឆ្នាំ ២០១៥ កន្លងទៅនេះ លោកក៏ធ្លាប់បាត់មុខមួយរយៈផងដែរ ដោយសារតែមានអការៈរលាកឆ្អឹងសន្លាក់ជើង។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ទៀតនោះ គឺជំងឺចំនួនទៀត ដែលតែងតែកើតឡើងទៅលើមនុស្សធាត់ ដូចជាការគេងមិនលក់ ដែលអាច បណ្តាលមកពីការប្រើប្រាស់ខួរក្បាល និងរងសម្ពាធការងារធ្ងន់ធ្ងរហួរប្រមាណ។
គួរបញ្ជាក់ថាបច្ចុប្បន្នលោក គីម ជុងអ៊ុន មានអាយុ ៣៣ឆ្នាំ, កំពស់១៧៥សង់ទីម៉ែត្រ និង ទម្ងន់ ១៣០ គីឡូក្រាម។ ដោយឡែកងាកទៅមើលកាលពីទើបឡើងកាន់អំណាចឆ្នាំ ២០១២ លោកមានទម្ងន់តែ ៩០គីឡូក្រាម៕
ឆ្នាំ ២០១៦ / ឆ្នាំ ២០១២