(កំពង់ស្ពឺ)៖ រោងម៉ាស៊ីនអារឈើ ប្រភេទរណាបញ្ឈមួយកន្លែង រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លា ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយរោងម៉ាស៊ីននេះ បានដឹកឈើទាំងមូលៗ រាប់រយកំណាត់យកទៅអារជាក្តារយ៉ាងគគ្លើន សម្រាប់លក់នៅទីផ្សារ តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកបរសេដ្ឋ និងមន្រ្តីសមត្ថកិច្ចផ្សេងៗមួយចំនួនទៀត បែរជានាំគ្នាបិទភ្នែកមិនចាត់វិធានការអ្វីសោះ ដែលម្ចាស់រោងម៉ាស៊ីននេះ ជាមន្រ្តីជំទប់ឃុំទៀត។
យោងតាមការផ្ដល់ដំណឹងពី ពលរដ្ឋជាអ្នករស់នៅមូលដ្ឋាននោះ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ឈ្មោះ លី ជាសមាជិកក្រុមប្រឹក្សាឃុំនេះ បានបើករោងអារឈើ ជាយូរមកហើយ ហើយជាញឹកញាប់តែងតែឃើញមានមនុស្សចេញចូលរៀងរាល់ថ្ងៃ ដោយមានរថយន្ត មានម៉ូតូ ដែលមើលទៅទំនងជាមកយកលាភសក្ការៈ ពីម្ចាស់រោងម៉ាស៊ីននេះ។
ពលរដ្ឋបានបន្តថា «ម្ចាស់រោងម៉ាស៊ីន ឈ្មោះ លី តែងតែក្អេងក្អាង ថាគេមិនខ្លាចនណាទេ ពីព្រោះគេបានបោះទន់ចាយលុយដល់សមត្ថកិច្ចអស់ហើយ ដូចនេះគ្មាននរណាហ៊ានប៉ះពាល់គាត់នោះទេ»។
ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីសង្កាត់រដ្ឋបាលឈើស្រុកបរសេដ្ឋ មិនគួរណាបណ្តែតបណ្តោយឲ្យមានបទល្មើស នៅកណ្តាលវាលបែបនេះទេ ហើយម្ចាស់រោងម៉ាស៊ីនរូបនេះ ត្រូវបានគេដឹងថា បានរកស៊ីដុះស្លែរាប់ឆ្នាំមកហើយ និងត្រូវបានគេដឹងថា រត់ការបង់លុយគ្រប់ជំនាញរាល់ខែ ទើបទីតាំងនេះមិនមានអ្នកណាចុះបង្ក្រាបបាននោះទេ ជាពិសេសមន្រ្តីជំនាញនៅទីនោះផ្ទាល់តែម្តង។
សូមជម្រាបថា តាមមាត្រា១០១ កថាខ័ណ្ឌទី២ នៃច្បាប់ស្តីពីព្រៃឈើ បានចែងថា ចំពោះមន្ត្រីព្រៃឈើណាម្នាក់ ចូលរួមទាំងស្រុង ឬដោយផ្នែក និងដោយផ្ទាល់ក្នុងសកម្មភាពណាមួយ នៃអាជីវកម្មព្រៃឈើ ដែលប្រព្រឹត្តឡើងដោយមន្រ្តីរដ្ឋបាលព្រៃឈើ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ ពី១០លានរៀល ទៅ១០០លាន៕