(ភ្នំពេញ)៖ ស្ថានទូតបារាំងនៅកម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ នឹងធ្វើពិធីអបអរសាទរជូននិស្សិតកម្ពុជា ៥០នាក់ ដែលទើបទទួលបាន អាហារូបករណ៍ទៅបន្តសិក្សានៅប្រទេសបារាំង។ ពិធីអបអរសាទរនេះ ធ្វើចាប់ពីម៉ោង ៦៖០០ ដល់ម៉ោង ៨៖០០យប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា លោក ហ្សង់ ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា រួមទាំងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា នឹងមានវត្តមានក្នុងពិធីអបអរសាទនេះ។
មន្រ្តីព័ត៌មានស្ថានទូតបារាំង លោក ទុង សុខលីម បានឲ្យ Fresh News ដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបារាំង និងដៃគូរបស់ខ្លួន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាមធ្យមប្រមាណ ១០០នាក់។ សម្រាប់សិស្សអាហារូបករណ៍ ៥០នាក់ ដែលគ្រោងចេញទៅសិក្សានៅប្រទេសបារាំងនេះ ទទួលបានអាហារូបករណ៍រដ្ឋាភិបាលបារាំង។
មន្រ្តីស្ថានទូតបារាំង ក៏បានឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១២មក និស្សិតកម្ពុជា ៣៧៥នាក់ ទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅប្រទេសបារាំង។
ក្នុងនោះឆ្នាំ២០១៣ មាន ៩០នាក់ ២០១៤ មាន ៨៦នាក់ ២០១៥ មាន ៩៨នាក់ និង២០១៦ មាន ៥១នាក់៕