(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានធ្វើសន្និសីទសារព័ត៌មាន មុនចេញទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការចេញទៅបំពេញទស្សនកិច្ចរបស់ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកម្ពុជា ទៅប្រទេសបារាំងនេះ បានធ្វើឡើងយោងតាមកំណត់ទូតនៃស្ថានទូតបារាំង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វី នាយិកា នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ផ្នែកសន្តិសុខ នៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង។

លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ក្នុងនាមប្រធាន គ.ជ.ប លោកនឹងបង្ហាញពីកិច្ចការងាររបស់ គជប ដែលជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ ទទួលខុសត្រូវលើដំណើរការបោះឆ្នោតនៅកម្ពុជា ជាពិសេសការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា នាឱកាសនោះលោកនឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ គជប ពីការរៀបចំបោះឆ្នោតនៅកម្ពុជា ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង៕