(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលដែលទទួលបានពីការប្រើប្រាស់អណ្តូងទឹកស្អាត ចំនួន៤៧អណ្តូង របស់គម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍មូលដ្ឋាន កាកបាទក្រហមកម្ពុជាដែលមានអ្នកទទួលផលប្រមាណ១,១៧៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប។
ទន្ទឹមនឹងនោះ ក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន ១១គ្រួសារ ក្នុងនោះមាន ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាកំពុងមានជំងឺ ដែលរស់នៅ ភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងបានផ្តល់ អំណោយមនុស្សធម៌ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ស្ករស មុង ភួយ សារុង ក្រមា និងថវិកា១០០,០០០រៀល។
នាឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឮកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីឡើយ។ លោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយគេងក្នុងមុងជៀសវាងមូសខាំកើតជំងឺគ្រុនឈាម និងសូមមានអនាម័យល្អក្នុងការរស់នៅ និងបរិភោគអាហារ ពិសេស ត្រូវបរិភោគទឹកដាំឆ្អិនជានិច្ច ហើយសូមចូលរួមថែរក្សាសមិទ្ធផលអណ្តូងទឹកទាំងអស់នេះ ឱ្យល្អគង់វង្សយូរអង្វែង។
នៅក្នុងដំណើរបេសកកម្មមនុស្សធម៌នោះដែរ ក្រុមការងារបានចុះពិនិត្យដំណើរការសាងសង់ ទីស្នាក់ការអនុសាខា ស្រុកជីក្រែង ដែលជាការិយាល័យ សម្រាប់មន្ត្រី-អ្នកស្ម័គ្រចិត្តអនុសាខា បំពេញកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព ជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋបានកាន់តែច្រើន ដូចពាក្យថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។ ដោយឡែកលោកស្រី ក៏បានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដោយបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ១០០,០០០រៀលផងដែរ៕