(ភ្នំពេញ)៖ លោក ឡី សុភាព ក្នុងនាមធុរកិច្ចទីផ្សារបណ្តាញ និងវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកាមកពីក្រុមហ៊ុន សីហា ផៅវ័រីច (ខេមបូឌា) ឯ.ក បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តនាពេលអនាគត។
ការប្រកាសរបស់លោក ឡី សុភាព បែបនេះធ្វើឡើង ក្នុងពិធីរំលឹកខួប៤ឆ្នាំ ការបង្កើតក្រុមហ៊ុន សីហា ផៅវ័រ រីច ក៏ដូចជាជួបសំណេះសំណាល ជាមួយធុរកិច្ចទីផ្សារបណ្តាញ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិការមកពីក្រុមហ៊ុន សីហា ផៅវ័ររីច ជាង១ម៉ឺននាក់ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលព្រីមមៀ សែន សុខ។
ក្នុងនោះលោក ឡី សុភាព ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរយៈពេល៤ឆ្នាំរបស់ក្រុមហ៊ុន សីហា ផៅវ័រ រីច ដែលអាចចាត់ទុកបានថាជានិម្មិតរូបនៃទីផ្សារបណ្តាញ និងចាត់ទុកកម្មវិធីដែលរៀបចំធ្វើឡើង ដោយក្រុមហ៊ុន សីហា ផៅវ័រ រីច នាឱកាសនេះ ជាទំព័រប្រវត្តិសាស្ត្រមួយ និងឆ្លៀតឱកាសពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដល់ធុរកិច្ចទីផ្សារបណ្តាញដែលបានចូលរួមទាំងអស់ផងដែរ។
លោក ឡី សុភាព ក៏បានរំលឹកថា រាជរដ្ឋាភិបាលបានដាក់ចេញនូវការគាំទ្រឲ្យសមាជិក សមាជិកាបង្វែរគោលនយោបាយទាក់ទងនឹងអាជីវកម្មខ្នាតតូច និងមធ្យម គឺយន្តការណ៍ទីផ្សារបណ្តាញនេះតែម្តង ដែលគោលនយោបាយទីផ្សារបណ្តាញ គឺជាគោលនយោបាយមានច្បាប់ទម្លាប់ត្រឹមត្រូវ រហូតដល់រដ្ឋាភិបាល បានដាក់គោលនយោបាយ ស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ គឺសំដៅលើមីក្រូតូចនិងមធ្យម គឺជាយន្តការទីផ្សារបណ្តាញនេះតែម្តង។
ក្នុងពិធីនោះ លោក ឡី សុភាព បានលើកឡើងថា សមាគមបាននឹងកំពុងបន្តអនុវត្តគោលការ ដែលបានដាក់ចេញ អនុវត្តទទួលបានជោគជ័យ នាពេលកន្លងមក ដោយបានសាងកេរ្តិ៍ឈ្មោះ កិត្តិសព្ទ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ និងការប្តេជ្ញារួមរបស់សមាជិកសមាជិកា ដែលមាន៣ចំណុចធំៗរួមមាន៖
ទី១. ផែនការសេដ្ឋកិច្ចសម្រាប់ជីវភាពសមាជិក និងប្រជាពលរដ្ឋ ដែលជំរុញដល់សមាជិក សមាជិកទាំងអស់ត្រូវចាប់យកឱបាននូវកាលានុវត្តភាពដ៏ធំធេង តាមរយៈការជំរុញការអនុវត្តឲ្យបានល្អប្រសើរនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ព្រមទាំងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
ទី២. ការគោរពច្បាប់ដែលចាំបាច់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៃកម្ពុជា តួយ៉ាងដូចជាច្បាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់កិច្ចការពារអ្នកប្រើប្រាស់ សម្រាប់អស់លោកលោកស្រី ដែលមានវត្តមាននៅទីនេះ ដើម្បីធ្វើកិច្ចការងារ ។ ដូច្នេះដើម្បីធ្វើការងារអាជីវកម្ម បានជោគជ័យ វាពឹងផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដូចជា ការដាក់ផែនការប្រចាំឆ្នាំ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងអាជីវកម្ម។
ទី៣. សំខាន់បំផុត ក្នុងនាមធុរកិច្ចទីផ្សារបណ្តាញ និងវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកា បានប្រកាសជាឱឡារឹក គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។
ដោយឡែកលោក ដាំ សីហា អគ្គនាយកក្រុមហ៊ុន សីហា ផៅវ័រ រីច (ខេមបូឌា) ឯ.ក បានលើកឡើងថា ដើម្បីឲ្យទីផ្សារដើរខ្លាំង ក្រុមហ៊ុនរបស់លោក ផ្តោតសំខាន់បំផុតធន់ធានមនុស្ស ហើយលោកបានបណ្តុះបណ្តា ធន់ធានមនុស្សបានច្រើន គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រមាណជារាប់សែននាក់ ត្រូវបានបណ្តុះបណ្តា នឹងក្លាយជាសមាជិកទីផ្សារបណ្តាញ នៃក្រុមហ៊ុន សីហា ផៅវ័រ រីច ដោយក្នុងនោះលោកបានបញ្ជាក់ថា ទី១ក្រុមហ៊ុន បានបណ្តុះបណ្តាឲ្យមានផ្នត់គំនិតរកស៊ី ទី២ផ្នត់គំនិតក្នុងការនិយាយជាសាធារណៈ និយាយឲ្យមានភាពទាក់ទាញ ទី៣បង្រៀនពីយុទ្ធសាស្ត្រក្នុងការលក់ ដែលជាជំនាញសំខាន់ ទី៤ជំនាញរៀបចំផែនការការងារ និងទី៥បង្រៀនឲ្យចេះស្រលាញ់ ដែលសំដៅដល់ការផ្តល់ នៃសេចក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន និងស្រលាញ់ការងាររបស់ខ្លួន ដែលអាចជម្រុញដល់កិច្ចសហការជាមួយដៃគូនានាកាន់តែប្រសើរនិងមានប្រសិទ្ធភាព៕