(ហាណូយ)៖ អាជ្ញាធរវៀតណាម បានប្រកាសអាសន្នក្នុងកម្រិតខ្ពស់មួយ ចំពោះទឹកជំនន់ដែលនឹងអាចកើតមានឡើង នៅភាគខាងជើងប្រទេស បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍មកថា ចរន្តទឹកហូរពីតំបន់ខ្ពង់រាបរបស់ប្រទេសចិន កំពុងតែសំដៅមកកាន់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។

នៅរយៈពេល ៥ថ្ងៃមកនេះភ្លៀងបានបន្តធ្លាក់យ៉ាងសន្ធប់ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសចិន ជាប់នឹងភាគខាង ជើងរបស់ប្រទេសវៀតណាម ហើយនៅក្នុងនោះដែរ អាជ្ញាធរវៀតណាមបានប្រកាសអាសន្ន ឲ្យប្រជាជនទាំងអស់មាន ការប្រុងប្រយ័ត្នទុកជាមុនចំពោះទឹកជំនន់ ដែលនឹងអាចកើតមានឡើង ដូចជានៅខេត្ត Dien Bien, Ha Giang, Quang Ninh, Thai Nguyen, និង Tuoi Tre ជាដើម ដែលជាក់ស្តែងកម្រិតទឹកភ្លៀងក្នុងខេត្តទាំងនេះ គឺកើនឡើងពីចន្លោះ ១៨៥ មីលីម៉ែត្រទៅ ៦១៥ មីលីម៉ែត្រទៅហើយ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមិនទាន់មាន ប្រជាជនណាម្នាក់រងគ្រោះដោយសារតែទឹកជំនន់នៅឡើយទេ ប៉ុន្តែបើយើងងាកទៅមកប្រទេសចិនវិញ មកដល់រសៀលថ្ងៃអង្គារនេះប្រជាជនជាង ១៨០នាក់ហើយបានបាត់បង់ជីវិត និង ១៩នាក់ទៀតបាត់ខ្លួន ខណៈអាកាសធាតុអាក្រក់ និងបន្តអូសបន្លាយប្រហែលជាពីរថ្ងៃទៀត នៅតំបន់ភាគកណ្តាល និងខាងត្បូងប្រទេសដែលសំបូរគ្រោះធម្មជាតិជាងគេនេះ៕