(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកវាលវែង ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រុមការងារ និងមន្ត្រីរាជការនានាជុំវិញខេត្ត ជាច្រើនអ្នកទៀត។

គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ត្រង់ចំណុចចិនយំ)។ គម្រោងនេះ ចាប់ដំណើរការសាងសង់ នៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនប្រទេសចិន និងប្រទេសកូរ៉េ មានអានុភាពផលិតថាមពល ៨០មេហ្គាវ៉ាត់(MW) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦នាពេលខាងមុខ។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាំងពីឆ្នាំ២០១៥។

បច្ចុប្បន្ននេះនៅខេត្តពោធិ៍សាត់មានអនុស្ថានីយ ចំនួន៣ រួមមាន អនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់ និងអនុស្ថានីយស្វាយស។ ចំណែកថាមពលពន្លឺព្រះអាទិត្យ និងថាមពលផ្សេងៗ មានចំនួន ៤កន្លែង រួមមាន៖ ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ៩០មេហ្គាវ៉ាត់(MW) ០១កន្លែង,ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ១០គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង,ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ០៧គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង និងស្ថានីយសាកអាគុយ ដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងប្រេងខ្មៅ មានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង៕