(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកដល់ជីវិតស្នេហារបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តើមចេញពីការផ្សំផ្គុំពីអ្នកមិនស្គាល់គ្នាសោះ ក្លាយជាគូព្រេងនឹងគ្នា។

ការថ្លែងរំលឹកអំពីអតីតកាលចំណងស្នេហ៍របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យចាក់បញ្ចាំង ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្ដេចជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺសម្ដេចតេជោស្រឡាញ់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមុនមែនពិត តែសម្តេចតេជោ ហ៊ុន សែន បានសារភាពថា សម្តេចស្រឡាញ់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ស្រឡាញ់សម្តេចដែរ តាមរយៈការបង្ហាញសកម្មភាពមួយចំនួន។

សម្ដេចតេជោបានចាត់ទុកស្នេហារបស់សម្ដេច ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជារឿងគូព្រេងមិនព្រាត់ ព្រោះចេញពីការផ្សំផ្គុំពីអ្នកមិនស្គាល់គ្នាសោះ ក្លាយជាគូព្រេងនឹងគ្នា។ ទោះបីជាការផ្សំផ្គុំចំណងអាពាហ៍ពិពាហ៍របស់សម្ដេចទាំងពីរ ធ្វើឡើងដោយពួកខ្មែរក្រហមក៏ដោយ តែសម្ដេចទាំងពីរគឺពិតជាស្រឡាញ់គ្នាដោយស្មោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍៤៧ឆ្នាំរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត (៥ មករា ១៩៧៦-៥ មករា ២០២៣)។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញនូវអារម្មណ៍ ដែលតែងតែគិតថា អ្វីដែលសម្តេច និងភរិយា ធ្លាប់បានឆ្លងកាត់ក្នុងសម័យសង្គ្រោមនោះ ពុំគួរឲ្យជឿថា អាចមានជីវិតដូចសព្វថ្ងៃនេះឡើយ។

ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលត្រូវតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ដែលពេលនោះហៅសម្តេចថាពូអស់រយៈពេល២ខែ។

«ទុក្ខស្រីប្តីព្រាត់» បានធ្វើឱ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះសម្តេចមានអាយុ២៤ឆ្នាំ ឯភរិយាអាយុ២២ឆ្នាំ) រហូតមកដល់ពេលនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់សម្តេច និងភរិយាជាទីស្រឡាញ់៕