(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តួរអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ដែលជាយុវជនម្នាក់ក្នុងយុវជនរាប់លាននាក់ ដែលរងទុក្ខវេទនាដោយសារសង្គ្រាម និងដោយសារការសម្រេចចិត្តខុសរបស់អ្នកនយោបាយ។

ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នាល្ងាចថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា វាមិនមែនជាការបំផុសរឿងដាច់ដោយឡែកនោះទេ តែតួអង្គរបស់ខ្ញុំ បានផ្សារភ្ជាប់នឹងជីវិតរបស់ជាតិខ្មែរ គឺជាយុវជនម្នាក់ក្នុងយុវជន រាប់លាននាក់ ដែលរងទុក្ខវេទនា ដោយសារសង្គ្រាម ការសម្រេចចិត្តខុសរបស់អ្នកនយោបាយ ដែលសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ បានក្លាយទៅជាបញ្ហា សម្រាប់ប្រជាជន ដែលទាំងអស់គ្នាក្លាយទៅជាចំណាត់ខ្មាំងនៃសង្គ្រាម»

សម្តេចតេជោ បានបញ្ជាក់ថា តួអង្គសម្តេច គឺមិនបានដាក់ឈ្មោះថាជាតួអង្គឈ្មោះ ហ៊ុន សែន នោះទេ តែប្រជាពលរដ្ឋនឹងអាចយល់បានថា មេបញ្ជារការសំរេចជានណា? ហើយ ម៉ា រ៉ានី ជានរណា? គេអាចយល់បានអំពីបញ្ហានេះ។ វាបានពាក់ព័ន្ធរួមមិនមែនរឿងដាច់ដោយឡែកនោះទេ ប៉ុន្តែជាទិដ្ឋភាពរួមនៃបញ្ហា ហើយវាអាចនឹងបន្សល់ឱ្យជាកេរមរតកឱ្យទៅអ្នកជំនាន់ក្រោយយល់ដឹង ដែលគ្រាន់តែចំណុចប៉ុណ្ណោះ គឺអាចនឹងសមល្មមយល់ថា អ្នកតស៊ូពេលនោះ នៅដែលចូលព្រៃនៅឆ្នាំ១៩៧០ គែមិនបានដឹងថាតើអ្នកណាដឹកនាំពិតប្រាកដនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា «នៅដែលចូលព្រៃនៅឆ្នាំ១៩៧០នោះ ក៏មានការចេញលេខសាររាចរមកដាក់ថា ៨៧០ យើងគិតស្មានថា ៨៧០ ជាសារាចរណែនាំរបស់សម្តេចព្រះនរោត្តម សីហនុ ឫសម្តេច ប៉ែន នុត ព្រោះពេលនោះសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គជាប្រធានរណសិរ្យរួបរួមជាតិកម្ពុជា សម្តេច ប៉ែន នុត ជានាយករដ្ឋមន្ត្រី ហើយ ខៀវ សំផន ជារដ្ឋមន្ត្រីការពារជាតិ កាលពីពេលនោះ។ យើងគិតស្មានថា ៨៧០ នេះ គឺជាសារាចរណែនាំរបស់សម្តេចព្រះនរោត្តម សីហនុ ឬក៏ជាសារាចរណែនាំរបស់សម្តេច ប៉ែន នុត យើងគិតយ៉ាងដូចនេះ ក្រោយមកលេចចេញឈ្មោះ ប៉ុល យើងក៏គិតថាប្រហែលជាឈ្មោះសំងាត់របស់សម្តេចព្រះនរោត្តម សីហនុ ឫក៏ឈ្មោះសំងាត់របស់សម្តេច ប៉ែន នុត ចឹងចំណុចអស់ទាំងនេះតើវាមានផលប្រយោជន៍ទេ សម្រាប់អ្នកស្រាវជ្រាវប្រវត្ថិសាស្ត្រ, វាពិតជាមានផ្តល់ផលប្រយោជន៍ ហើយអ្នកស្រាវជ្រាវទាំងឡាយបានដឹងអំពីដំណើរវិវឌ្ឍន៍ នៃសភាពការណ៍ពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ ភាពបត់បែននៃសភាពការណ៍ ដែលនេះវាជារឿងដែលចាំបាច់ត្រូវធ្វើនូវរឿងនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា អាចនឹងយល់បានហើយថា ចាប់ផ្តើមពីយកជីវិតធ្វើដើមទុននោះហើយ បានធ្វើឱ្យសភាពការវិវឌ្ឍន៍ នាំប្រទេសជាតិរហូតមកដល់ពេលនេះ ដែលមិនអាចផ្តាច់ចេញ ពីបញ្ហានឹងបាននោះទេ ហើយតួអង្គ ហ៊ុន សែន គឺមិនមែនគ្រាន់តែ ហ៊ុន សែន នោះទេ ក៏ប៉ុន្តែវាបានផ្សាភ្ជាប់ទៅនឹងជីវិតរបស់ប្រជាជន ចាប់ពីពេលនោះ រហីតមកដល់ពេលនេះផងដែរ៕