(បន្ទាយមានជ័យ)៖ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី «ទិសដៅ​នៃ​ការ​ពង្រឹង​យន្តការ និងគោលការណ៍​នយោបាយ​ព័ត៌មាន» នៅ​សាល​ប្រជុំសាលាខេត្តបន្ទាយមានជ័យ ជា​ខេត្ត​គោលដៅ និង​មាន​ខេត្ត​ចំនួន៣ចូលរួម​ គឺខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និងប៉ៃលិន ដែល​ប្រព្រឹត្តិ​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានផ្ដល់កិត្តិយសដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការរៀបចំសិក្ខាសាលាស្តីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន រយៈពេល២ថ្ងៃនេះ ដែលមានលោក លោកស្រី ជាអ្នកនាំពាក្យសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំងអស់។

បើតាមលោក ផៃ ស៉ីផាន នេះបង្ហាញពីការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្តល់ភាពកក់ក្ដៅយ៉ាងក្រៃលែងដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្ដទៀតថា សិក្ខាសាលាស្តីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃនេះ មានគោលបំណង ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ។

រួមជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឲ្យចូលកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន កិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាពគណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ក្នុងការបញ្ចៀបព័ត៌មានជាប្រចាំ ជាមួយនឹងការបំផុសរូបភាពជាក់ស្តែង នៃសមិទ្ធិផលរឹង ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ជាផលប្រយោជន៍រួម (សមូហភាព) វាអាចស្ថិតនៅក្នុងអារម្មណ៍ ឬបេះដូងរបស់មនុស្សតែមួយរយៈខ្លីតែប៉ុណ្ណោះ លើកលែងតែវាក្លាយជាសម្បត្តិប្រវត្តិសាស្ត្រ ដែលខុសគ្នាពីប្រយោជន៍ផ្ទាល់ (សួនតួ) ដែលអាចឋិតថេរនៅក្នុងចិត្តនៃមនុស្សលោកបាន អាស្រ័យហេតុនេះ គួរមានចំណាត់ការថ្លឹងថ្លែង រវាងផលសួនតួ និងសមូហភាព នៅក្នុងមធ្យោបាយបញ្ជ្រៀបព័ត៌មានផងដែរ។

ជាមួយនេះ លោក ផៃ ស៉ីផាន មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារសុចរិត នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើង៕