(ភ្នំពេញ)៖ ក្រុមយុវជនការពារបរិស្ថាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញវីដេអូមួយ ដោយចាត់ទុកការផ្សាយអត្ថបទ និងរូបត្លុកនយោបាយរបស់វិទ្យុបរទេស អាស៉ីសេរី មានចរិតញុះញង់ បំបែកបំបាក់ លើយុវជន ដែលធ្វើការងារជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារបរិស្ថាន។

លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី បានបញ្ជាក់ថា សកម្មភាពរបស់ក្រុមយុវជន ដែលបានចូលរួមក្នុងការពារបរិស្ថាន មិនដែលធ្វើការវាយប្រហារលើយុវជនដទៃ ដែលមានគំនិតផ្ទុយពីខ្លួនឡើយ ខុសពីការលើកឡើងរបស់វិទ្យុអាស៉ីសេរី ដែលមានចរិតញុះញង់។ ចំពោះការលើកឡើងថា​ ពួកយើងបានព្យាយាមអូសទាញយុវជនដទៃ ក៏មិនមានដែរ ប៉ុន្តែជាការកើតចេញពីការស្ម័គ្រចិត្តរួមគ្នា ដើម្បីប្រទេសជាតិ។

លោកបន្តថា «វាជារឿងអកុសលមែនទៀត ដែលវិទ្យុអាស៉ីសេរី ព្យាយាមលើកតែពីរឿងមិនពិតមកនិយាយ សូម្បីតែយុវជនយើងបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ការអភិវឌ្ឍជាតិ ក៏គាត់ [វិទ្យុអាស៉ីសេរី] លើកយកមកមូលបង្កាច់ញុះញង់ គ្មានការពិត នេះគឺជារឿងដ៏គួរឲ្យសោកស្តាយ ខ្ញុំសុំឲ្យកែតម្រូវឡើងវិញ។ ខ្ញុំសុំឲ្យវិទ្យុនេះ គិតអំពីជោគវាសនាប្រទេសជាតិ ឲ្យបានច្រើនជាជាងការព្យាយាមធ្វើការញុះញង់ និងឃោសនាគ្មានការពិត ចំពោះរាជរដ្ឋាភិបាល»

លោក មួង សូនី បានសំណូមពរឲ្យវិទ្យុនេះ គិតគូរពីយុវជនខ្មែរ ប្រសិនបើនៅបន្តផ្សព្វផ្សាយញុះញង់ ដែលធ្វើឲ្យបែងចែកជាក្រុមផ្សេងៗ មិនអាចទាក់ទងគ្នា សាមគ្គីភាពគ្នាបាន វាកើតជារឿងអកុសលសម្រាប់ជាតិ ដែលបង្កើតឲ្យមានការបែកបាក់គ្នា។

លោកក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ បើទោះបីមាននិន្នាការនយោបាយផ្សេងគ្នាក្តី សូមកុំបែកបាក់គ្នា ត្រូវរួមគ្នាដើម្បីបម្រើជាតិយើង គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងទេ។

លោក វ៉ែន ឧត្តម ប្រធានយុវជនសង្គមស៉ីវិល ដើម្បីការអភិវឌ្ឍបានថ្លែងថា តាមរយៈការផ្សព្វផ្សាយរបស់វិទ្យុអាស៉ីសេរី ដែលលោកសង្កេតកន្លងមក គឺលម្អៀតទៅកាន់បក្សប្រឆាំង។ លោកសំណូមពរឲ្យវិទ្យុនេះ ផ្សព្វផ្សាយតែព័ត៌មានពិត កុំបំផ្លើស ព្រោះការផ្សាយបែបនេះ ធ្វើឲ្យយុវជនបាក់ស្មារតី មិនហ៊ានចូលរួមការពារបរិស្ថាន ជាមួយរាជរដ្ឋាភិបាល៕