(ភ្នំពេញ)៖ លោក ហ៊ុល សេដ្ឋា រស់នៅផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់បំណុលរបស់លោក បានចូលទៅកាត់សោចូលផ្ទះ សម្លាប់ឆ្កែ កាប់បំផ្លាញដើមឈើ រុះរើឥវ៉ាន់ខ្ទេចខ្ទីគ្មានសល់ យកទ្រព្យសម្បត្តិ ជេរប្រមាថ និងគំរាមចាប់លោកដាក់ពន្ធនាគារទៀតផង ដោយសារតែម្ចាស់បំណុលខឹងលោកមិនបានសងប្រាក់ដែលជំពាក់គ្រប់ចំនួន។

ចំពោះរឿងរ៉ាវទាំងនេះ លោក ហ៊ុល សេដ្ឋា បានរៀបរាប់់ថា លោកពិតជាបានខ្ចីចងការប្រាក់ពីភាគីម្ចាស់បំណុលជនជាតិខ្មែរ មានសញ្ជាតិអាមេរិកពិតប្រាកដមែន ដើម្បីបណ្ដាក់ទុនរកស៊ី ហើយលោកក៏បានសងម្ចាស់បំណុលតាម កិច្ចសន្យាមួយចំនួនធំផងដែរ តែជាអកុសល ពេលមានជំងឺកូវីដផ្ទុះឡើង ក៏មានការបិទខ្ទប់ស្ទើរគ្រប់ទីកន្លែង ធ្វើឲ្យសេដ្ឋកិច្ចមិនដំណើរការល្អ ទើបការបង់លុយមិនទៀងទាត់ រអាក់រអួលយឺតយ៉ាវ ដែលពេលនោះម្ចាស់បំណុល គុណការប្រាក់ បូក ប្រាក់ពិន័យ មានចំនួនច្រើនធ្ងន់ធ្ងរ។

លោកបានបន្តទៀតថា កន្លងមក ភាគីខាងកូនបំណុល ក៏ធ្លាប់បានពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាដើម្បីបានសងប្រាក់ទៅភាគីម្ចាស់បំណុលជាច្រើនលើក ច្រើនសារ ប៉ុន្តែនៅតែមិនបានជោគជ័យ ដោយមូលហេតុ ការសំរេចចិត្តរបស់ភាគីម្ចាស់បំណុលផ្លាស់ប្តូររហូត។ ក្រោយមកទៀត ភាគីកូនបំណុល បានព្យាយាមសុំចរចា លើកលែងប្រាក់ពិន័យមួយចំនួន ជាមួយភាគីម្ចាស់បំណុលរហូតដែរ ប៉ុន្តែនៅតែមិនមានការ ឯកភាពលើកលែង ចំនួនណាមួយឡើយ ដោយមានតែហេតុផលតែមួយគត់ បើមិនព្រមសង ចាប់ដាក់គុក ព្រោះភាគីជាកូនបំណុលលោកមានសែកតម្កល់។ លុះក្រោយមក ភាគីម្ចាស់បំណុលបានបង្ខិតបង្ខំឲ្យភាគីខាងកូនបំណុល ចាកចេញពីផ្ទះ បើចង់នៅផ្ទះត្រូវជួលផ្ទះហ្នឹងពីភាគីម្ចាស់បំណុលវិញ ហើយប្រាក់ដែលជំពាក់នៅជំពាក់ដដែល។

ក្រោយពីទទួលដំណឹងថា ភាគីម្ចាស់បំណុល បានកំពុងធ្វើការផ្ទេរប័ណ្ណកម្មសិទ្ធិដោយគ្មានការឯកភាពពីភាគីកូនបំណុល លោកក៏បានសម្រេចប្ដឹងទៅតុលាការ ដាក់រក្សាការពារ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់លោក។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ក៏បានចេញដីកាសម្រេចដីការក្សាការពារជូនលោក។

ប៉ុន្តែដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖១៥នាទី ស្រាប់តែមានមនុស្សរបស់ភាគី ម្ចាស់បំណុល បានចូលមកលួចកាត់សោផ្ទះ ដោយឯកតោភាគី គ្មានវត្តមានម្ចាស់ផ្ទះឬអាជ្ញាធរណាបានដឹងលឺឡើយ។ ហើយដាក់កម្លាំងយាមមិនឲ្យម្ចាស់ផ្ទះបានចូលទៅផ្ទះ បន្ទាប់មកពួកគេ បានសម្លាប់ឆ្កែអស់ចំនួន២ក្បាល រួចកាប់បំផ្លាញដើមឈើ រុះរើលួចយកសំភារ: ឥវ៉ាន់ក្នុងផ្ទះ តាមអំពើចិត្ត ដែលសកម្មភាពបែបនេះ ហាក់ដូចជាក្រុមចោរប្លន់ដូច្នោះដែរ។

លោក ហ៊ុល សេដ្ឋា បន្តថា លោកមានក្ដីរន្ធត់ណាស់ នៅពេលចូលមកដល់ផ្ទះ ឃើញសភាពឆ្កែជាសត្វចឹញ្ចឹមជាទីស្រលាញ់ ដែលជាប់នៅក្នុងទ្រុងហើយនោះ ត្រូវគេរិតខ្សែរចងក សំលាប់គ្មានធម៌មេត្តា រុះរើឥវ៉ាន់ សំភារ: ក្នុងផ្ទះតាមទំនើងចិត្ត គ្មានគិតរអែង ក្រែងច្បាប់អ្វីឡើយ។

ឃើញសភាពបែបនោះ លោកក៏បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់សកម្មភាពបំពានច្បាប់ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២រសៀល ក្រុមមន្ត្រីនគរបាលព្រហ្មទណ្ឌ ក៏បានចុះមកឃាត់ខ្លួនពួកគេទាំងនោះ ទៅសួរនាំនៅក្រសួង តែក្រោយមកក៏មានអន្តរាគមន៍ដោះលែង ដែលធ្វើឲ្យជនសង្ស័យប្រព្រឹត្តិបទល្មើសទាំងនោះស្ថិតនៅក្រៅឃុំ។

ជាចុងក្រោយ លោកជាភាគីកូនបំណុល សំណូមពរ និងស្នើសុំទៅម្ចាស់បំណុលសងប្រាក់ដែលលោកបានទទួល និងការប្រាក់ដែលកំណត់ដោយច្បាប់ ព្រមទាំងចាត់ចែងនិតិវិធីតាមច្បាប់។ ចំពោះបទល្មើសដែលភាគីម្ចាស់បំណុល បានប្រព្រឹត្ត ជាមួយបក្ខពួក ក៏ស្នើរសុំទៅតុលាការ ចាត់ចែងនីតិវិធីតាមច្បាប់ផងដែរ។

ចំពោះរឿងរ៉ាវខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីភាគីម្ចាស់បំណុលបាននោះទេ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ៕