(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយនូវរឿងដ៏សោកសៅជាទីបំផុតមួយទៀត គឺឪពុកក្មេករបស់សម្តេច ត្រូវបានពួកខ្មែរក្រហម ប៉ុល ពត ចូលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ គ្រាដែលភរិយារបស់ សម្តេចកំពុងមានផ្ទៃពោះកូនស្រីច្បងផងដែរ។

ការទម្លាយឱ្យដឹងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នាល្ងាចថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានទម្លាយយ៉ាងដូច្នេះថា៖ «ក្រុមគ្រួសាររបស់ខ្ញុំពិតជាលះបង់ច្រើនពេកហើយ ខ្ញុំត្រូវរលូតកូនមួយទៀត ដោយសារភ្នំពេញអត់ទឹកប្រើ ប៉ុន្តែរឿងមួយទៀតដែលសោកសៅលើសពីនេះនោះគឺពួកខ្មែរក្រហម បានចូលទៅបាញ់សម្លាប់ឪពុកក្មេករបស់ខ្ញុំនៅហ្នឹងផ្ទះ ពេលនោះភរិយារបស់ខ្ញុំកំពុងមានផ្ទៃពោះកូនស្រីច្បង អ៊ឹចឹងរឿងនេះនឹងថតនៅក្នុងដំណាក់កាលដើម្បីបង្ហាញឱ្យឃើញថា បន្ទាប់ពីការរំដោះប្រទេសហើយសង្គ្រាម នៅបន្តនៅឡើយទេ រហូតដល់ឪពុកក្មេករបស់រដ្ឋមន្ត្រីការបរទេសម្នាក់ទទួលការបាញ់សម្លាប់»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយ ដែលតួអង្គមានក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានបាត់បង់ជីវិតជាបន្តបន្ទាប់ គឺទី១៖ លោក សុខ សារឿន, ទៅ២៖ សម្តេច ហ៊ុន ណេង, ទី៣៖ គ្រូពេទ្យដានី និងទី៤៖ ប្អូនស្រីពៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវជាប្អូនថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា តួអង្គពាក់ព័ន្ធនៅក្នុងដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងមិនទាន់ទៅណា ដើម្បីឱ្យពួកគាត់បានមើលឃើញនូវរូបរាងកាយរបស់គាត់នៅពេលដែលគេដើរតួជំនួស។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទុក្ខសោករបស់សម្តេច គឺជាទុក្ខសោករបស់ប្រជាជនទាំងមូល។ ដោយសារតែឆ្លងការកាត់ការលំបាកទុក្ខសោកនេះហើយ ដែលនាំឱ្យសម្តេចប្តេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនឱ្យកម្ពុជាធ្លាក់ចូលសង្គ្រាមនោះទេ៕