(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរលោកស្រី ហ៊ុន ម៉ាណា និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង​ ព្រមទាំងសប្បុរសជន ដែលបានចូលរួមថវិកា សម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាបន្ដបន្ទាប់។

ការថ្លែងអំណរគុណ និងកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យចាក់បញ្ចាំង ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ពិធីសម្ពោធដាក់ឲ្យចាក់បញ្ចាំង រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានចាប់ផ្ដើមដូចការគ្រោងទុក អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មាធិការ ការរៀបចំដឹកនាំដោយកូនស្រីជាទីស្រលាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែង ពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន»

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នេះ តាមពិតឡើយ សម្ដេចមិនដឹងថា រឿងនេះ ជារឿងអ្វីនោះទេ តែនៅពេលសៀវភៅ ដែលជនបរទេសសរសេរ អំពីបុរសខ្លាំងរបស់កម្ពុជា រឿងភាគនិទាន «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ក៏បានលេចចេញ។

សម្ដេចតេជោបន្ដថា សម្ដេចបានស្ដាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ ហើយសម្ដេចគិតថា រឿងនេះ ដូចជារឿងរបស់សម្ដេចណាស់ ហើយសម្ដេចក៏សាកសួរ ហើយពិតជាដូចរឿងសម្ដេចមែន ដូច្នេះតាំងពីពេលនោះមក ក៏ចាប់ផ្ដើម​ដើម្បីសម្របសម្រួលធ្វើយ៉ាងម្ដេចឲ្យរឿងនេះ​ ត្រូវតាមលំនាំដើមរបស់វា។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ ដែលប្រមូលសឹងតែគ្រប់ជំនាន់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្ដេចដឹងថាតួរសម្ដែង ពិតជាមានលំបាក ជាមួយនឹងអ្នកបច្ចេកទេស ក៏មានការលំបាក ដោយសារតែការថត នៅពេលខ្លះភ្លៀង ហើយតម្រូវឲ្យមានការសម្រាក ឬក៏ប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហាផ្គរ រន្ទះ ជាដើម ដើម្បីសុវត្ថិភាពនៃតួរសម្ដែង ក៏ដូចជាអ្នកបច្ចេកទេស។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានការពេញចិត្ដ ជាមួយនឹងការសម្ដែងទាំងអស់។ បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ទាំងនាយទាហាន ទាំងពលទាហាន ដែលបានចូលរួម នៅក្នុងការផលិតរឿងនេះ។

សម្ដេចតេជោ បានឲ្យដឹងថា បញ្ជាការដ្ឋានកងអង្គរក្ស បានផ្ដល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន សម្រាប់ទៅកាន់ទីកន្លែងមួយ ទៅកាន់កន្លែងមួយ ហើយដោះស្រាយបញ្ហា សម្ភារបច្ចេកទេស អាវុធ​ យុទ្ធភ័ណ្ឌ ការផលិតសម្លៀកបំពាក់ និងស្វែងរកនូវសម្ភារ ដែលប្រើជំនាន់នោះ ហើយកិច្ចការងារនេះ ក៏បានប្រព្រឹត្តិទៅបានយ៉ាងល្អ

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានជួយសម្រួល ឲ្យមានទីតាំងថត ព្រោះថា ពេលនេះ សម័យនេះ វាមិនដូចជាពេលមុនទេ គឺវាពិបាករកទីតាំងថត។

សម្ដេចតេជោ បានឲ្យដឹងថា ដោយសារតែស្ថានភាព នៃការអភិវឌ្ឍន៍​ប្រទេសកម្ពុជា មិនអាចរកឃើញនូវទីតាំង ដូចកាលពីសម័យមុននោះទេ ដែលត្រូវរកខេត្តជាច្រើន ធ្វើដំណើរទៅកាន់ទីនោះ ដើម្បីទទួលបានការថត លើភូមិសាស្ដ្រមួយចំនួន ក្រៅពីការថត នៅតាមទីកន្លែងជាស្ទូឌីយោ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមថវិកា សម្រាប់ទ្រទ្រង់ក្នុងដំណើរការ ថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាបន្តបន្ទាប់ផងដែរ៕