(តាកែវ)៖ កូនប្រុសតិរច្ឆានម្នាក់ បានកាប់ឪពុកបង្កើតខ្លួនឯង នឹងកាំបិតត្រង៉ុកចំនួន២កាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលឆោឡោពេញស្រុកពេញភូមិ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិចាន ឃុំចាន ស្រុកព្រែកកប្បាស ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលជាកូនបង្កើតរបស់ពជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ធ្លាប់មានជំងឺសរសៃប្រសាទចំនួន៤ឆ្នាំ មកហើយ រីឯសពជនរងគ្រោះ មានឈ្មោះ សេង សាង អាយុ៧២ឆ្នាំ។
ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចាន បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រែកកប្បាស ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់ពីពិនិត្យចប់រួចរាល់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕