(ភ្នំពេញ)៖ ដោយសារតែឆ្លងកាត់នូវទុក្ខសោកយ៉ាងលំបាក នៃភ្លើងសង្គ្រាមរ៉ាំរ៉ៃកាលពីអតីតកាលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិចេញពីភ្លើងសង្គ្រាម បានប្ដូរផ្ដាច់ការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសរួមគ្នាជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នឹងមិនយោគយល់ជាដាច់ខាតចំពោះជនទាំងឡាយណាដែលចង់បំផ្លាញសន្ដិភាពរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងឈឺចាប់ទាំងអស់នេះហើយ ដែលខ្ញុំត្រូវតែក្បាលរឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព ត្រូវចាំទឹកភ្នែករបស់ ហ៊ុន សែន នៅពេលដែលស្រកអ្នកកុំសង្ឃឹមថា ហ៊ុន សែន អាចយោគយល់ដល់អ្នកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ គេត្រូវយល់ខ្ញុំមិនភ្លើតភ្លើនជាមួយអំណាច ហើយក៏មិនទុកឲ្យអ្នកដែលចេតនាបំផ្លាញសន្ដិភាពនេះ អាចធ្វើអ្វីស្រេចតែចិត្តនោះទេ គេត្រូវយល់ ត្រូវដឹងពីរឿងនេះ មិនថាដោយតម្លៃណាត្រូវការពារសន្ដិភាពឲ្យបាន»

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទុក្ខសោកដែលសម្ដេចធ្លាប់បានឆ្លងកាត់ ហើយស្ដែងឡើងខ្លះៗ តាមរយៈរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នោះ ប្រៀបដូចជានិមិត្តរូប នៃទុក្ខសោកប្រជាជនកម្ពុជាទាំងមូល។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់សម្តេចនោះហើយ ទើបប្រទេសជាតិមានសន្តិភាពដូចសព្វថ្ងៃនេះ ហើយសម្តេចបានយកក្បាលរបស់សម្តេច ត្រូវយកទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កាន់តំណែងរដ្ឋរយៈពេលជាង៤០ឆ្នាំហើយ ៨០ភាគរយ នៃយល់សុបិន គឺរឿងពីអតីតកាលនេះ ហើយទឹកភ្នែកសម្តេចតែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។ ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់៕