(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហើបថា មានក្រុមហ៊ុនបរទេសចំនួន៣ បានមកជួបសម្តេចដើម្បីស្នើសុំថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចមិនឲ្យថតទេ។ ការមិនឲ្យថត ដោយសារមិនចង់ឲ្យមានការយករឿងជីវិតផ្ទាល់ខ្លួនរបស់សម្តេច យកទៅកាឡៃខុសពីការពិតជាក់ស្តែង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ខណៈដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នាល្ងាចថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចាក់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន៣ ជាក្រុមហ៊ុនបរទេស បានមកជួបខ្ញុំ ហើយមានក្រុមហ៊ុនមួយនោះមករហូតដល់ ២ដង ខ្ញុំមិនព្រមឲ្យថតទេ។ ហើយបើអ្នកឯងថត គឺខ្ញុំឲ្យយកសេណារីយោ ដែលមាននៅក្រោមរឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។ រឿងរបស់ខ្ញុំ មិនអាចយកទៅកាឡៃបានទេ ព្រោះបើមិនអញ្ចឹងធ្វើឲ្យអ្វីដែល ជាសាច់រឿងពិត ក្លាយទៅជារឿងភូតកុហក»។
ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។
នេះជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។
ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញពីមាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថតរយៈពេលជាងមួយឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ។
ក្នុងវិធីសម្ពោធរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង។ សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ៕