(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានបើកវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២ ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។

វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២ ត្រូវបានរៀបចំក្នុងរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ និងមានអ្នកចូលរួមសរុបចំនួន២១០រូប ដែលមានសមាសភាពអញ្ជើញមកពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, និងសាធារណជន។

សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗទៅនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធីវេទិការបរធនបាលកិច្ច និយ័តករបរធនបាលកិច្ចក៏បានប្រកាសអំពីអត្ថិភាពនៃទីផ្សារបរធនបាលកិច្ចជាមួយនឹងប្រតិបត្តិការពេញលេញ ដែលមានន័យថាប្រទេសកម្ពុជាមានទីផ្សារបរធនបាលកិច្ច មានប្រតិបត្តិការពេញលេញ រួមមាន៖

ទី១. បទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់ដាក់ឱ្យដំណើរការប្រតិបត្តិការបរធនបាលកិច្ច ក៏ដូចជាប្រតិបត្តិការតួអង្គពាក់ព័ន្ធ។

ទី២. តួអង្គពាក់ព័ន្ធដែលក្នុងនោះមានក្រុមហ៊ុនបរធនបាល ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលរូបវន្តបុគ្គលឯករាជ្យ ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សារសុវត្ថិភាព ឬសេវារក្សាទុក( Escrow Services) ក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច។

ទី៣. ផលិតផល និងសេវាបរធនបាលកិច្ចមានដូចជា បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល ដែលមានការចុះបញ្ជីសរុប៤៩២ករណី និងមានការចូលរួមពីវិស័យឯកជន និងវិស័យពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច៕